រដ្ឋមន្ដ្រីពាណិជ្ជកម្ម ផ្ដល់អនុសាសន៍គន្លឹះជូនមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ឱ្យអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ម៉ោង ០៤:០២ នាទី រសៀល

👁 48

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(បន្ទាយមានជ័យ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ដល់អនុសាសន៍គន្លឹះ និងជាការងារអាទិភាពមួយចំនួន ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ ឱ្យបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យការងារមានប្រសិទ្ធិភាពខ្ពស់ និងលទ្ធផលកាន់តែល្អប្រសើ។

ការផ្ដល់អនុសាសន៍គន្លឹះនេះ បានធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍គន្លឹះ និងបានចង្អុលបង្ហាញការងារសំខាន់ៗ និងជាការងារអាទិភាព ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវយកចិត្តទុកដាក់ និងខិតខំបដិបត្តិឱ្យបានខ្ជាប់ខ្ជួន។ អនុសាសន៍សំខាន់ៗទាំងនោះរួមមាន៖

ទី១- ស្នើមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព និងជាពិសេសរួមសហការគ្នាចុះផ្សារត្រួតពិនិត្យ សុវត្តិភាព ផលិតផល ទំនិញ គ្រឿងឧបភោគ បរិភោគ ឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ឱ្យដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។

ទី២- ស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. បន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់គោលការណ៍ លិខិតបទដ្ឋានច្បាប់ និងកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់ក្រសួងពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អ។

ទី៣- បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី៤- ស្នើបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ និងជំរុញយន្តការដោះស្រាយរាល់បញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍។

ទី៥- ថ្មីក្រសួងនេះ ក្រសួងបានបង្កើតក្រុមប្រឹក្សាពិន័យ សំដៅទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បង្កានូវបាតុភាពអសកម្ម មិនគោរពវិន័យ ពុករលួយ រំលោភច្បាប់ និងបទបញ្ជាផ្ទៃក្នុង។

ទី៦- ពេលចុះអនុវត្តន៍ការងារ និងនៅក្នុងជីវភាពប្រចាំថ្ងៃ ក្នុងស្ថានភាពថ្មីនៃជំងឺកូវីដ-១៩  នាពេលនេះ  ស្នើឯកឧត្តម លោកជំទាវ លោក លោកស្រី ត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផល និងស្នាដៃជាច្រើនដែលមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ សម្រេចបានកន្លងមកគួរជាទីមោទនៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ