ក្រសួងពាណិជ្ជកម្មរៀបចំកិច្ចប្រជុំ គណៈកម្មការតម្រង់ទិសគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) លើកទីពីរ តាមរយៈប្រព័ន្ធវីឌីអូ (Zoom)

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០១:៥៥ នាទី រសៀល

👁 10

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់គម្រោង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) ជាលើកទីពីរតាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួង-ស្ថាប័នពាក់ពាក់ព័ន្ធមួយចំនួនទៀត រួមមាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសហភាព​អឺរ៉ុបប្រចាំនៅកម្ពុជា តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ប្រធានអង្គការ GIZ Cambodia និងនាយកគម្រោង ARISE Plus Cambodia។

ក្នុងសុទ្ទរកថាបើក ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងការកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមការងារគម្រោង ARISE Plus Cambodia សម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមក និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា កិច្ចប្រជុំគណៈកម្មការតម្រង់ទិសនេះ មានគោលបំណងដើម្បីរាយការណ៍ និងពិនិត្យមើលវឌ្ឍនៈភាពការងារដែលសម្រេចបានកន្លងមក ដែលមានសមាសភាគចំនួនបី ក្នុងនោះរួមមាន ការធ្វើឱ្យប្រសើឡើងនូវស្តង់ដារពន្ធគយនិងការសម្របសម្រួលពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពស្ថាប័ននិងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តបញ្ញត្តិ និងការធានានូវការចូលរួមពីវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការត្រៀមខ្លួនសម្រាប់ការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិនិត្យ និងអនុម័តលើសំណើគម្រោងស្រាវជ្រាវចំនួនពីរផងដែរ ដែលគម្រោងទី១ គឺការសិក្សាលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងគម្រោងទី២ គឺការសិក្សាពីសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា សំណើគម្រោងស្រាវជ្រាវទាំងពីរខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ គឺជាការងារអាទិភាពសម្រាប់ក្រសួងពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានស្នើសុំឱ្យមានការចូលរួមជាមតិយោបល់ពីតំណាងក្រសួងស្ថាប័នដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។ ក្នុងឱកាសនោះដែរ បន្ទាប់ពីក្រុមការងារ ARISE Plus Cambodia ធ្វើបទបង្ហាញពីវឌ្ឈនភាពការងារ និងសំណើគម្រោងស្រាវជ្រាវទាំងពីររួចមក កិច្ចប្រជុំក៏បានទទួលមតិយោបល់ល្អៗ ពីតំណាងក្រសួងស្ថាប័នដែលបានចូលរួម និងបានការអនុម័ត​លើ​គម្រោងស្រាវជ្រាវទាំងពីរ ដើម្បីអនុវត្តន៍រហូតដល់ចុងឆ្នាំ២០២៣។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយជាមួយដៃគូអភិវឌ្ឍន៍ និងបានស្នើសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបន្តចូលរួមក្នុងការសហការអនុវត្តគម្រោងទាំងពីរ និងស្នើសុំឱ្យក្រុមការងារស្រាវជ្រាវគម្រោងពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តល់ធាតុចូលបន្ថែមលើឯកសារទស្សនៈទាន ដើម្បីឱ្យគម្រោងនេះមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយក្នុងពេលអនុវត្តន៍៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ