ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៤:១២ នាទី រសៀល
👁 21
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង តាមប្រព័ន្ធវីដេអូ ជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា។
ក្នុងនាមតំណាងរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តី បានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងបានជម្រាបអង្គប្រជុំអំពីខ្លឹមសារសំខាន់ៗ ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនិងច្បាប់ទាំងនេះចូលជាធរមាន និងបានឆ្លើយសំណួរស្វែងយល់បន្ថែមរបស់គណៈកម្មការព្រឹទ្ធសភាយ៉ាងក្បោះក្បាយ ដោយឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបអង្គប្រជុំពីកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្មសំដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច ក៏ដូចជាការធ្វើពិពិធកម្មទីផ្សារ និងស្វែងរកទីផ្សារបន្ថែម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ ដើម្បីជំរុញការនាំចេញ ស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាលទ្ធផល បន្ទាប់ពីជជែកពិភាក្សាយ៉ាងផុសផុលរួចមក គណៈកម្មការទី៩នៃព្រឹទ្ធសភាបានអនុម័តយល់ព្រមទាំងស្រុង ដាក់សេចក្តីព្រាងច្បាប់ខាងលើ ដាក់ចូលក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាពេលខាងមុខ ដើម្បីស្នើសុំការអនុម័តយល់ព្រម។
គួរជម្រាបជូនថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា- រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមទាំងស្រុង ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១រួចហើយ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣