កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាររបស់ស្ថានតំណាងពាណិជ្ជកម្មប្រចាំនៅបរទេស

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៨:៣០ នាទី យប់

👁 20

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នាថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាររបស់ស្ថានតំណាងពាណិជ្ជកម្មប្រចាំនៅបរទេស តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលមានការចូលរួមពី ឯកឧត្តមអគ្គនាយក លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម ឯកឧត្តម លោក-លោកស្រីទីប្រឹក្សា-អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្រៅប្រទេស ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ។  

ជាកិច្ចចាប់ផ្តើម ឯកឧត្តម កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម បានមានមតិស្វាគមន៍ សំណេះសំណាល និងកោតសរសើរដល់ ឯកឧត្តម លោក-លោកស្រី ទីប្រឹក្សា-អនុព័ន្ធពាណិជ្ជកម្មទាំងអស់ ដែលកន្លងមកបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលជោគជ័យជាផ្លែផ្កាជូនក្រសួង និងប្រទេសជាតិ។ ឯកឧត្តមអគ្គនាយក ក៏បានលើកឡើងបន្ថែមពីព្រឹត្តិការណ៍ដែលកើតឡើងថ្មីៗ និងសកម្មភាពថ្មីៗដែលក្រសួងកំពុងអនុវត្ត ដូចជាការបង្កើតក្រុមការងារចំនួន ០៩ ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស ដែលក្នុងក្រុមការងារនោះក៏មានសមាសភាពតំណាងពាណិជ្ជកម្មនៅក្រៅប្រទេសផងដែរ មានភារកិច្ចសហការស្វែងរកបញ្ជីឈ្មោះអ្នកទិញ (Buyers List) នៅក្រៅប្រទេស ផ្ញើមកនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ ដើម្បីនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សាររៀបចំបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ (Suppliers List)។

ជាកិច្ចបន្ទាប់ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានមតិស្វាគមន៍ និងបានណែនាំដល់ស្ថានតំណាងពាណិជ្ជកម្មក្រៅបរទេស ឱ្យបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា ដោយសារមានបញ្ហាទីផ្សារ និងកកស្ទះការនាំចេញកសិផល ទើបក្រសួងពាណិជ្ជកម្ម ខិតខំរៀបចំបង្កើតផ្សារអនឡាញដើម្បីឱ្យអាជីវករ ផលិតករអាចដាក់លក់ទំនិញរបស់ខ្លួនក្រោមការគ្រប់គ្រង និងសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម និងបានបង្កើតក្រុមការងារដោះស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេស និងការនាំចេញទៅលក់ក្រៅប្រទេស។  

បន្ទាប់មក ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានផ្តល់ឱកាសដល់ ឯកឧត្តម លោក-លោកស្រីទីប្រឹក្សា-អនុព័ន្ធពាណិជ្ជកម្ម ដើម្បីមានមតិ ព្រមទាំងលើកឡើងនូវសំណូមពរ ក៏ដូចជាបញ្ហានានាៗ ដែលបាននិងកំពុងកើតមានឡើង រួមមាន៖ ការលំបាកក្នុងការនាំផលិតផលខ្មែរទៅទីផ្សារក្រៅប្រទេស ថ្លៃដឹកជញ្ជូនខ្ពស់ គុណភាព តម្លៃ និងការវេចខ្ចប់របស់ផលិតផលខ្មែរ ការខ្វះខាតឯកសារផ្សព្វផ្សាយ ។ល។ បន្ទាប់ពីបានស្តាប់ការលើកឡើងនូវសំណូមពរ និងបញ្ហានានារួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានធ្វើការណែនាំ ឆ្លើយតប និងដោះស្រាយនូវសំណូមពរទាំងនោៈផងដែរ។  

ជាទីបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានមានមតិបូកសរុប និងសង្ឈឹមថា ឯកឧត្តម លោក-លោកស្រីទីប្រឹក្សា-អនុព័ន្ធពាណិជ្ជកម្មទាំងអស់នឹងខិតខំបំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀត ស្របតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសដែលខ្លួនតាំងនៅ ដើម្បីបំពេញភារកិច្ចប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ និងផ្តល់លទ្ធផលគាប់ប្រសើរជូនក្រសួង និងប្រទេសជាតិ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ