ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៩:៣៧ នាទី យប់
👁 10
(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីបើកក្នុងសិក្ខាសាលាតាមប្រព័ន្ធវីឌីអូ ស្តីអំពី “ការរៀបចំប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនាពេលអនាគតរបស់កម្ពុជា” ដែលមានការចូលរួមគាំទ្រហិរញ្ញវត្ថុដោយកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) និងត្រេដវស្សី (Trade Worthy) និងមានការចូលរួមពីសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា (CDTA) សមាគមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (CEA) តំណាងអគ្គនាយកដ្ឋានពន្ធដារកម្ពុជា តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា តំណាងអង្គការ UNDP កម្ពុជា និងតំណាងសហគ្រាសធុនតូច និងមធ្យម ប្រមាណ ១០០ នាក់។
ថ្លែងទៅកាន់អង្គប្រជុំ លោកជំទាវរដ្ឋលេខាធិការបានបង្ហាញការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរបស់សមាគមទាំងពីរខាងលើជាមួយក្រសួងពាណិជ្ជកម្មក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈប្រយោជន៍មួយនេះ ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងថ្មីៗ និងបង្ហាញស្ថានភាពទូទៅ រួមមានច្បាប់ យុទ្ធសាស្ត្រ និងឧត្តមានុវត្តន៍ទាក់ទងនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។
ជាមួយគ្នានេះលោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងពីផ្សារខេមបូឌាត្រេដ (Camodiatrade.com) ដែលជាផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដំបូងគេនៅប្រទេសកម្ពុជា ដែលផ្តោតទៅលើការបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលតាមរយៈការបង្កើនការនាំចេញផលិតផលខ្មែររបស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ផ្សារខេមបូឌាត្រេដ គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ក្រោមការគាំទ្ររបស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF)។
នៅកិច្ចបញ្ចប់លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងការចូលរួមរបស់សមាគមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងលើកទឹកចិត្តឱ្យមានសិក្ខាសាលាបែបនេះឱ្យកាន់តែច្រើនថែមទៀត ដើម្បីជាជំនួយដល់ធុរកិច្ចឌីធីថលក្នុងការអភិវឌ្ឍសមត្ថភាពឱ្យកាន់តែប្រសើរឡើងនៅកម្ពុជា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣