ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៤:៣៤ នាទី រសៀល
👁 14
(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបប្រជុំពិភាក្សាតាមរយៈប្រព័ន្ធវីឌីអូ ជាមួយលោក ភ្វីលីប អីស្លើរ (Mr. Phillipe Isler) នាយកប្រតិបតិ្តនៃសម្ព័ន្ធសកលសម្រាប់កិច្ចសម្របសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) សម្រាប់កិច្ចសហការគ្នាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មរវាងស្ថាប័នទាំងពីរ ដើម្បីឈានទៅរកការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់សម្ព័ន្ធសកលសម្រាប់កិច្ចសម្របសម្រួលពាណិជ្ជកម្ម ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបានបញ្ជាក់ពីជំហរក្នុងការអនុវត្តគម្រោងថ្មីមួយ ដែលមានឈ្មោះថា SeT4SME។ លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងផ្តោតសំខាន់លើការពិភាក្សា ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហការរវាងស្ថាប័នទាំងពីរលើគម្រោង SeT4SME ក្នុងការជួយដល់ការតភ្ជាប់ការផ្លាស់ប្តូរទិន្នន័យជាមុននៃការបញ្ចេញទំនិញរវាងប្រព័ន្ធទិន្នន័យគយ និងប្រៃសណីយ៍ រួមទាំងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីការវិវត្តន៍ និងសមិទ្ធផលថ្មីៗ ដែលក្រសួងពាណិជ្ជកម្មសម្រេចបាន រួមមាន៖ ច្បាប់ការពារអ្នកប្រើប្រាស់ ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការបង្កើតផ្សារខេមបូឌាត្រេដ (Cambodiatrade.com) សម្រាប់ជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ក្នុងការលក់ផលិតផលកម្ពុជាទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងការបញ្ចប់ការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន ដែលកិច្ចព្រមព្រៀងទាំងនោះនឹងផ្តល់ឱកាសឱ្យប្រទេសកម្ពុជាក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែខ្លាំងបន្ថែមទៀត។
នៅកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញនូវសេចក្តីសោមនស្ស និងគាំទ្រសម្ព័ន្ធសកលសម្រាប់កិច្ចសម្របសម្រួលពាណិជ្ជកម្ម សម្រាប់ការអនុវត្តគម្រោងថ្មីនេះជាមួយក្រសួងពាណិជ្ជកម្ម និងរំពឹងថានឹងឈានដល់ការ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុន៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣