ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៣:២៧ នាទី រសៀល
👁 8
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្ម គាំទ្រចំពោះបេសកកម្មនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារថ្មីនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋលេខាធិការអញ្ញើញអធិបតីក្នុងពិធីបើកដំណើរការជាផ្លូវការនូវកម្មវិធីមួយមានឈ្មោះថា “បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង” ដោយប្រើប្រាស់ថ្នាលព័ត៌មានវិទ្យា ដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ក្រោមជំនួយឧបត្ថម្ភរបស់គម្រោង«កម្ពុជាហាវែស-II»។ ពិធីនេះក៏មានការអញ្ញើញចូលរួមពី លោក Nimish Jhaveri ប្រធានគម្រោងកម្ពុជាហាវែស-II លោកម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ព្រមទាំងលោកឧកញ៉ា លោក លោកស្រីវាគ្មិន តំណាងអង្គការ សមាគម និងសហគ្រាសកម្ពុជា សរុបប្រមាណ ៦៥នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលបានអភិវឌ្ឍន៍ខ្លួនប្រកបដោយមោទនភាព ក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីជំរុញការនាំចេញផលិតផលដោយប្រើប្រាស់ថ្នាលព័ត៌មានវិទ្យា ស្របតាមបរិបទឧស្សាហកម្មជំនាន់ទី៤ ដែលពិភពលោកកំពុងអនុវត្ត នាពេលបច្ចុប្បន្ន។ ឯកឧត្តមមានសុទិដ្ឋិនិយមថា បេសកកម្មនេះ គឺជាក្តីសង្ឃឹមមួយដែលជួយផ្សព្វផ្សាយ និងនាំឱ្យពិភពលោកបានស្គាល់ទំនិញកម្ពុជាលើឆាកអន្តរជាតិកាន់តែច្រើនឡើងថែមទៀត និងជាស្ពានតភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងពាណិជ្ជករ ផលិតករកម្ពុជា ជាមួយអ្នកទិញនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជាទាំង២៥ក្រុមហ៊ុនថា ដើម្បីទទួលជោគជ័យលើបេសកកម្មនេះ និងរក្សាដៃគូពាណិជ្ជកម្ម និងទីផ្សារដែលទទួលបានហើយ ផលិតករកម្ពុជាគួរយកចិត្តទុកដាក់ជាពិសេសក្នុងការផលិតទំនិញ ដោយឈរលើគោលការណ៍ចំនួន ៤ គឺ ទំនិញត្រូវមាន ៖ ១. គុណភាពខ្ពស់, ២. សុវត្ថិភាព និងស្តង់ដារអនាម័យ, ៣. សំបកវេចខ្ចប់ត្រូវតែមានសោភ័ណភាព និងមានព័ត៌មានគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ និង ៤. មានតម្លៃសមរម្យ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ និងចូលរួមប្រកួតប្រជែងកាត់ចំណែកទីផ្សារជាមួយដៃគូប្រកួតប្រជែងរបស់យើង។
សូមជម្រាបជូនថា “បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង” គឺជាការប្រើប្រាស់ថ្នាលព័ត៌មានវិទ្យាមួយ រៀបចំឡើងដើម្បីជំរុញក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមពិព័រណ៍ឌីជីថលក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិផលសរីរាង្គ និងធម្មជាតិនៅឌុយបៃ។ ក្នុងបេសកកម្មនេះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានជ្រើសរើសក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកពីវិស័យម្រេច និងគ្រឿងទេស អង្ករ បន្លែនិងផ្លែឈើ ផលិតផលកសិ-ពាណិជ្ជកម្មកែច្នៃ ដូចជាដំណាប់ស្វាយក្រៀម ទឹកឃ្មុំ និងគ្រាប់ធញ្ញជាតិដទៃទៀត។ល។ មកចូលរួមជាគម្រោងសាកល្បងដោយជ្រើសរើសយកទីផ្សារតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ជាទីផ្សារគោលដៅ ដោយសារទីផ្សារនេះមានអំណាចនៃការទិញធំ និងកំពុងមានតម្រូវការម្ហូបអាហារសុវត្ថិភាពនាំចូលជាច្រើន។ ហើយតាមការរំពឹងទុក បេសកកម្មនេះនឹងជួយបើកផ្លូវឱ្យក្រុមហ៊ុន សហគ្រាសកម្ពុជា បានស្គាល់ទីផ្សារអន្តរជាតិកាន់តែច្រើន និងធ្វើឱ្យពាណិជ្ជករកម្ពុជា មានទំនាក់ទំនងជាមួយដៃគូបញ្ជាទិញបរទេសកាន់តែច្រើន។ ម្យ៉ាងទៀត បេសកកម្មនេះ នឹងជួយធ្វើឱ្យក្រុមហ៊ុន សហគ្រាសកម្ពុជា មានគំនិតច្នៃប្រឌិត ក្នុងការរៀបចំកម្មវិធីអភិវឌ្ឍន៍ផលិតផល និងអភិវឌ្ឍក្រុមហ៊ុន និងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចូលរួមធ្វើពាណិជ្ជកម្មអន្តរជាតិ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣