ពិធីចុះ MoU និងកិច្ច​ព្រមព្រៀង​ជំនួយបច្ចេកទេស រវាងក្រសួងពាណិជ្ជកម្ម និងប្រៃសណីយ៍កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធ​ដឹកជញ្ជូន និងពង្រឹងសមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជា សម្រាប់ប្រតិបត្តិការនៅលើផ្សារខេមបូឌាត្រេដ

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៤:២៩ នាទី រសៀល

👁 15

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាផ្លូវការលើ​អនុ​ស្សរណៈ​នៃការយោគយល់គ្នា និងកិច្ច​ព្រមព្រៀង​ជំនួយបច្ចេកទេសរវាងក្រសួងពាណិជ្ជកម្ម និងប្រៃសណីយ៍កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងពង្រឹងសមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជាសម្រាប់ប្រតិបត្តិការនៅលើផ្សារខេមបូឌាត្រេដ ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងអតិថិជនដែលបានទិញទំនិញពីផ្សារខេមបូឌាត្រេដ (Cambodiatrade.com)។ ពិធីចុះហត្ថលេខាជាផ្លូវការនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីឌីអូ ដែលមានការចូលរួមពី ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា អមដោយមន្រ្តីបច្ចេកទេសរបស់ភាគីទាំងពីរជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រៃសណីយ៍កម្ពុជា ដែលបានក្លាយជាដៃគូសហការក្នុងការតភ្ជាប់ប្រព័ន្ធ​ដឹកជញ្ជូនជាមួយផ្សារខេមបូឌាត្រេដ (CambodiaTrade)។ វត្តមានរបស់ប្រៃសណីយ៍កម្ពុជានៅលើផ្សារខេមបូឌាត្រេដ (Cambodiatrade.com) ពិតជាមានសារៈសំខាន់ណាស់ក្នុងការបែងចែក និងដឹកជញ្ជូនទំនិញនៅក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងក្នុងស្រុក និងអន្តរជាតិ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា ការសហការគ្នាក្នុង​បរិបទឌីជីថលរូបនីយកម្មថ្មីនេះ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមបែបបច្ចេកវិទ្យាថ្មីពិតជារួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេស ក្នុងកំឡុងពេលនៃការជំងឺកូវីដ១៩ ដើម្បីជាចលករក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយប្រៃសណីយ៍កម្ពុជា និងរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងទទួលបានជោគជ័យក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជាមួយផ្សារខេមបូឌាត្រេដ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ