ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ម៉ោង ០៤:២៦ នាទី រសៀល
👁 9
(ភ្នំពេញ)៖ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើជាគណៈអធិបតីក្នុងកិច្ចប្រជុំអន្តរក្រសួងលើកទី១ ដើម្បីទទួលយកធាតុចូលសម្រាប់ការស្រាវជ្រាវរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានស្តីទីនាយកដ្ឋាន ប្រធានស្តីទីវិទ្យាស្ថាន មន្រ្តីពាក់ព័ន្ធ ព្រមទាំងប្រតិភូដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងារសិក្សាសា្រវជ្រាវរៀបចំយុទ្ធសាស្ត្រទាញយកផលប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាភាគីហត្ថលេខីទាំងផ្នែកកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ការសិក្សានេះសំដៅផ្តោតរបាំងពន្ធគយ របាំងមិនមែនពន្ធគយ ការពិនិត្យមើលភាពអនុគ្រោះផ្សេងៗទៀតដែលកម្ពុជាបានទទួល។ ដើម្បីឱ្យការស្រាវជ្រាវកាន់តែមានប្រសិទ្ធិភាព ក្រសួងពាណិជ្ជកម្មបានស្នើសុំអញ្ជើញមន្ត្រីជំនាញជាន់ខ្ពស់ពីខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើបទបង្ហាញ និងពិភាក្សាអំពីរបាំងមិនមែនពន្ធគយ និងនីតិវិធីក្នុងការនាំចេញរបស់ក្រសួងកសិកម្ម។
ជាកិច្ចបន្ទាប់ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមក្នុងកិច្ចពិភាក្សាអំពីការស្រាវជ្រាវរបស់ក្រសួងពាណិជ្ជកម្ម។ ជាការផ្តល់ធាតុចូលលើឯកសារយុទ្ធសាស្រ្តពាណិជ្ជកម្មដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងសេរី(FTA) លោកបណ្ឌិត សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើបទបង្ហាញស្តីពីនីតិវិធីពាក់ព័ន្ធនឹងការនាំចេញ នាំចូល ទំនិញកសិកម្ម និងបញ្ហាប្រឈម ដោយផ្តោតលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ ស្ថានភាពផលិតកម្មកសិកម្ម ២០១៩-២០២០ និងមុខទំនិញកសិកម្មមានសក្តានុពលសម្រាប់នាំចេញ នីតិវិធីក្នុងការនាំចេញនាំចូល និងការឆ្លងកាត់ទំនិញកសិកម្ម បញ្ហាប្រឈមក្នុងការនាំចេញ និងយន្តការត្រួតពិនិត្យការនាំចូលទំនិញកសិកម្ម។
គួរកត់សម្គាល់ផងដែរថា ប្រតិភូដែលមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ជាអនុសាសន៍ ដើម្បីជំរុញ និងបង្កើនការនាំចេញទំនិញកសិកម្មពីកម្ពុជាបាន លុះត្រាតែទំនិញកសិកម្មទាំងអស់ត្រូវអនុលោមតាមស្តង់ដារអន្តរជាតិ របស់ប្រទេសនាំចូល រួមទាំងគុណភាព សុវត្ថិភាព តម្លៃ និងការវេចខ្ចប់ល្អ ជាដើម។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣