ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ១១:០០ នាទី ថ្ងៃត្រង់
👁 14
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលជាតំណាងមកពីបណ្តាក្រសួង-ស្ថាប័នចំនួន ៩ របស់កម្ពុជា ដើម្បីជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់សាធារណរដ្ឋម៉ូរីស (Republic of Mauritius) ដែលដឹកនាំដោយលោក Virednra Kumarsingh Daby នាយកប្រតិបត្តិជាន់ខ្ពស់ នៃក្រសួងអភិវឌ្ឍឧស្សាហកម្ម សហគ្រាសធុនតូច-មធ្យម និងកិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋម៉ូរីស។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ និងផ្តោតសំខាន់លើការចែករំលែកគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការអនុវត្តល្អៗ ក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ហិរញ្ញវត្ថុ ប្រៃសណីយ៍និងទូរគមនាគមន៍ អប់រំ វិនិយោគ លនិងល។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុរដ្ឋលេខាធិការ បានរំលេចពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ម៉ូរីស ដែលមានទំហំត្រឹមតែ២.៤លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩ ដែលក្នុងនោះកម្ពុជានាំចេញក្នុងទំហំទឹកប្រាក់ប្រមាណ ២.២៦ លានដុល្លារអាមេរិក។ ឯកឧត្តមបានលើកឡើងថា កន្លងមក ភាគីទាំងពីរបានធ្វើសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់គ្នា (MoU) ចំនួនបី សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មហិរញ្ញវត្ថុ។ ក្នុងស្មារតីនេះ ភាគីកម្ពុជាស្នើឱ្យភាគីសាធារណរដ្ឋម៉ូរីស ជួយពន្លឿនការពិនិត្យ ដើម្បីភាគីទាំងពីរអាចបន្តនីតិវិធីបន្តលើ MoU ទាំងបី នាពេលដ៏ខ្លីខាងមុខ។
ជាការចូលរួម និងឆ្លើយតប ភាគីសាធារណរដ្ឋម៉ូរីស បានលើកឡើងពីគោលនយោបាយ និងយុទ្ធសាស្ត្រដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន ក្នុងនោះរួមមានកំណែទម្រង់ផ្នែកស្ថាប័ន និងបទប្បញ្ញត្តិ សំដៅពង្រឹងការគាំទ្រការអភិវឌ្ឍផ្នែក SME និងបង្កើនទំនុកចិត្តដល់បណ្តាធុរជន និងវិនិយោគិនឯកជននៅសាធារណរដ្ឋម៉ូរីស។ សធារណរដ្ឋម៉ូរីសក៏ទទួលបានការរីកចំរើនវិជ្ជមានលើសន្ទស្សន៍នៃភាពងាយស្រួលក្នុងការធ្វើធុរកិច្ច (Ease of Doing Business) ដែលកើតចេញពីកំណែទម្រង់ទាំងនេះ។ ទាក់ទងនឹងអនុស្សារណៈនៃការយោគយល់គ្នាដែលកម្ពុជាបានលើកឡើង ភាគីសាធារណរដ្ឋម៉ូរីសសន្យាថានឹងពន្លឿនការពិនិត្យ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយសារតែក្រសួងមួយចំនួនរបស់ប្រទេសនេះត្រូវបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ដែលត្រូវការសម្របសម្រួលបន្ថែមទៀតពីភាគីសាធារណរដ្ឋម៉ូរីស។
ទាក់ទងនឹងយុទ្ធសាស្ត្រ និងគោលនយោបាយរបស់កម្ពុជា ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងពីកំណែទម្រង់ជាច្រើនរបស់កម្ពុជា ទាំងក្របខ័ណ្ឌក្នុងស្រុក និងក្រៅស្រុក រួមមានការអនុវត្តប្រព័ន្ធស្វ័យប្រវត្តកម្មលើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ការបង្កើតច្បាប់-បទដ្ឋានគតិយុត្តថ្មីៗ (ឧ. ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីការប្រកួតប្រជែង លនិងល) ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី (ឧ.ជាមួយចិន កូរ៉េខាងត្បូង RCEP លនិងល) និងការចូលរួមក្នុងស្ថាប័នអន្តរជាតិ ដែលគាំទ្រគោលនយោបាយពហុភាគីនិយម។ ឯកឧត្តមបានបញ្ជាក់ថា កំណែទម្រង់ទាំងនេះ មិនត្រឹមតែចូលរួមពង្រឹងការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងផ្តល់ជាកាលានុវត្តភាពជាច្រើនដល់ការបង្កើតការងារដល់ប្រជាជនកម្ពុជា តាមរយៈការបង្កើតអាជីវកម្មខ្លួនឯង និងការធ្វើការងារក្នុងសហគ្រាស និងស្ថាប័នឯកជនជាតិ និងអន្តរជាតិផ្សេងទៀត សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្តង់ដាររស់នៅរបស់ប្រជាជនកម្ពុជា។
ក្រៅពីគោលនយោបាយ យុទ្ធសាស្ត្រ បទដ្ឋានគតិយុត្ត និងបទពិសោធន៍ល្អៗរវាងប្រទេសទាំងពីរ អង្គប្រជុំក៏បានពិភាក្សាពីគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងវិស័យអប់រំ ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម និងធុរកិច្ច ដើម្បីធានានិរន្តរភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ូរីស។ ឯកឧត្តមអនុរដ្ឋលេខាធិការបានស្នើឱ្យភាគីសាធារណរដ្ឋម៉ូរីសបន្តទំនាក់ទំនងជាមួយភាគីកម្ពុជាតាមយន្តការផ្លូវការបន្ថែមទៀត និងស្នើឱ្យភាគីម៉ូរីសពិចារណាលើការពង្រឹងការធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាមួយកម្ពុជា តាមរយៈការរួមគ្នាបង្កើតវេទិកាធុរកិច្ចសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ ដើម្បីបង្ហាញពីផលិតផល និងវិស័យសក្តានុពលសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដោយមានការសម្របសម្រួលដោយសភាពាណិជ្ជកម្មកម្ពុជា (CCC) ដែលកន្លងមកស្ថាប័ននេះបានធ្វើយ៉ាងជោគជ័យជាមួយធុរជន និងវិនិយោគិនមកពីបណ្តាប្រទេសជាច្រើន រួមមានចិន សិង្ហបុរី ថៃ រុស្សី លនិងល។
ជាចុងបញ្ចប់ អង្គប្រជុំបានសម្តែងសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ម៉ូរីស លើអន្តរវិស័យ នាពេលខាងមុខ ហើយកិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះនឹងក្លាយជាមូលដ្ឋានសម្រាប់ការពិភាក្សាបន្ត និងការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការផ្លូវការនានា នាពេលអនាគតដ៏ខ្លីនេះ ដើម្បីធានាថា ប្រទេសទាំងពីរនឹងបង្កើតជាបរិបទថ្មីនៃកិច្ចសហប្រតិបត្តិការ បន្ថែមលើទំនាក់ទំនង ដែលបានចាប់ផ្តើមជាផ្លូវការតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣