ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៣:៤៨ នាទី រសៀល
👁 16
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Bryan Fornari ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ដែលបានតែងតាំងថ្មី និងលោកស្រី Camilla Lombard អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីជំនាញ ប្រមាណ ២៥រូប។
ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋលេខាធិការបានសម្ដែងការស្វាគមន៍ចំពោះគណៈប្រតិភូសហភាពអឺរ៉ុប និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម ព្រមទាំងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការផ្តល់ជំនួយបច្ចេកទេសដោយសហភាពអឺរ៉ុបកន្លងមក ក្នុងការរួមចំណែកអភិវឌ្ឍន៍លើវិស័យសំខាន់ៗរបស់កម្ពុជាដូចជា៖ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ និងការគ្រប់គ្រងហិរញ្ញវត្ថុជាដើម។
លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងសហភាពអឺរ៉ុប ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាបានមួយចំណែកធំ ហើយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម ក៏បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌទ្វេភាគី ពហុភាគី និងតំបន់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ២០១៩-២០២៣។
លោកជំទាវរដ្ឋលេខាធិការបញ្ជាក់ថា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើររវាងកម្ពុជា និងសហភាពអឺរ៉ុប ភាគីទាំងពីរបានបង្ហាញជំហរក្នុងការរួមគ្នាអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីៗ និងគម្រោងជំនួយដើម្បីបម្រើដល់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃតំបន់ ការបង្កើតការងារ និងការតភ្ជាប់តំបន់ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន និងជាពិសេសការចូលរួមក្នុងកិច្ចការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងជូនពរដល់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំ កម្ពុជា ដែលបានចូលរួមក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ឱ្យទទួលបានជោគជ័យ និងផ្លែផ្កាសម្រាប់ការបំពេញបេសកកម្មបម្រើឱ្យផលប្រយោជន៍នៃទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុប៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣