ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ នៃអនុគណៈកម្មការខ្លឹមសារ និងឯកសារ ត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ

ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៨:១០ នាទី យប់

👁 14

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសមាជិកនៃអនុគណៈកម្មការខ្លឹមសារនិងឯកសារ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំលើកទី៣ នៃអនុគណៈកម្មការខ្លឹមសារ និងឯកសារ ក្រោមអធិបតីភាពលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានអនុគណៈកម្មការខ្លឹមសារនិងឯកសារ ហើយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលស្ថិតក្រោមសសរស្តម្ភទាំងបីផងដែរ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា អង្គប្រជុំនេះបានពិភាក្សាលើរបៀបវារៈសំខាន់ៗ មួយចំនួន រួមមាន៖ (១) ការធ្វើបច្ចុប្បន្នភាពលើការត្រៀមអនុវត្តតួនាទីប្រធានអាស៊ានឆ្នាំ២០២២ (២) ការត្រៀមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង ៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១ និង(៣) គម្រោងតាំងពិព័រណ៍រូបថត ក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតអាស៊ាន ការធ្វើបច្ចុប្បន្នភាពលើ ASEAN Notional Calendar 2022។

ឯកឧត្តមអនុរដ្ឋលេខាធិការបន្តថា អង្គប្រជុំក៏បានពិនិត្យ សម្រេចពិភាក្សារលើកិច្ចការមួយចំនួនទៀត រួមមាន៖ (១) សេចក្តីព្រាងឯកសារព័ត៌មានស្តីពីអាទិភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្រាប់ការផ្សព្វផ្សាយ (២) វីដេអូខ្លីដែលបានផលិតសម្រាប់ចាក់ផ្សព្វផ្សាយ ក្នុងពិធីផ្ទេរតំណែងប្រធានអាស៊ាន នៅខែតុលា ឆ្នាំ២០២១ និង (៣) បញ្ជីសមិទ្ធផលអាស៊ានឆ្នាំ២០២២ ដែលផ្តួចផ្តើមដោយកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអន្តរក្រសួង-ស្ថាប័នក្រោមសសរស្តម្ភទាំងបី និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែងលើការងារត្រៀម និងចូលរួមផ្តល់ធាតុចូល និងមតិយោបល់ក្នុងកិច្ចពិភាក្សាខាងលើ។

លោកជំទាវរដ្ឋលេខាធិការបញ្ជាក់ថា អង្គប្រជុំប្តេជ្ញាបន្តសហការគ្នា ធ្វើយ៉ាងណាឱ្យការត្រៀមរៀបចំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឱ្យការទទួលតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ប្រព្រឹត្តទៅបានដោយរលូននិងប្រកបដោយជោគជ័យ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ