ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៩:០៣ នាទី ព្រឹក
👁 7
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ (EDSM) មុននឹងបញ្ជូនទៅអង្គនីតិបញ្ញត្តិពិនិត្យ និងផ្តល់សច្ចាប័ន។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទម្រង់អនឡាញ ហើយមានការចូលរួមពីក្រុមការងរជំនាញ និងតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងគណៈកម្មការភាសាវិទ្យាខ្មែរជាដើម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការបានរាយការណ៍ជូនអង្គប្រជុំអំពីសារបាននៃពិធីសារអាស៊ានស្តីពីយន្តការដោះស្រាយវិវាទ ដែលត្រូវបានអនុម័តដំបូងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៦ នៅទីក្រុងម៉ានីល និងត្រូវបានជំនួសដោយពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ដែលទទួលបានការអនុម័តនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៤ នាទីក្រុងវៀងច័ន្ទ។ ដោយហេតុថា សមាជិកអាស៊ានយល់ថាពិធីសារឆ្នាំ២០០៤ នេះ នៅពុំទាន់មានលក្ខណៈគ្របដណ្តប់គ្រប់ជ្រុងជ្រោយសម្រាប់យកមកអនុវត្ត ទើបកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នាទីក្រុងម៉ានីល បណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ បានសម្រេចអនុម័តពិធីសារថ្មី សម្រាប់ជំនួសឲ្យពិធីសារ ឆ្នាំ២០០៤វិញ។ ហើយពិធីសារថ្មីនេះ មានសរុបចំនួន២៧ មាត្រា ធៀបនឹងពិធីសារចាស់ដែលមានតែ២១ មាត្រា។ មាត្រាបន្ថែមថ្មីនេះ រួមមានជាអាទិ៍ មាត្រា៥៖ លក្ខខណ្ឌប្រតិបត្តិ មាត្រា៨៖ សមាសភាពនៃក្រុមប្រឹក្សាជំនុំជម្រះ មាត្រា១៩៖ មជ្ឈត្តកម្ម មាត្រា២៣៖ នីតិវិធីពិសេសពាក់ព័ន្ធនឹងប្រទេសអភិវឌ្ឍន៍តិចតួច មាត្រា២៥៖ ការតម្កល់ឯកសារ និងមាត្រា២៦៖ ការធ្វើវិសោធនកម្ម។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ពិធីសារថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា តាមរយៈការប្រើប្រាស់នីតិវិធីពិសេសក្នុងនាមជារដ្ឋសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលនីតិវិធីពិសេសនេះពុំមានចែងក្នុងយន្តការដោះស្រាយវិវាទក្រោមក្របខណ្ឌអង្គការ WTO នោះទេ។
ជាលទ្ធផល អង្គប្រជុំបានបញ្ចប់ការពិនិត្យ និងពិភាក្សាលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ត្រឹមមាត្រា ៨ ដោយឯកភាពកែសម្រួលពាក្យពេជន៍មួយចំនួន និងកំណត់កាលបរិច្ឆេទបន្ទាប់សម្រាប់ពិនិត្យ និងពិភាក្សាបន្ត នាពេលខាងមុខបន្តទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣