លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ល័ក្ខខ័ណ្ឌស្តង់ដារពាណិជ្ជកម្ម និងការគ្រប់គ្រងហានិភ័យ

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៦:១២ នាទី ល្ងាច

👁 27

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ល័ក្ខខ័ណ្ឌស្តង់ដារពាណិជ្ជកម្ម និងការគ្រប់គ្រងហានិភ័យ តាមប្រព័ន្ធវីដេអូ Zoom ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការការជាមួយសមាគមភស្តុភារកម្មកម្ពុជា និងមានការចូលរួមពី ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ព្រមទាំងសិក្ខាកាមដែលជាមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង២៥ និង បុគ្គលិកក្រុមហ៊ុនឯកជនក្នុងវិស័យដឹកជញ្ជូន ចំនួន១១០នាក់។

ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ប្រកបដោយបុរេសកម្ម នៅក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជាឧបករណ៍គោលនយោបាយបង្ហាញពីរបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា Cambodia Trade Integration Strategy(CTIS) ដែលគ្របដណ្តប់លើ៖ នយោបាយពាណិជ្ជកម្ម និងសមាហរណកម្មតំបន់ យុទ្ធសាស្រ្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ការរៀបចំផែនការជាតិសម្រាប់អនុវត្តន៍គោលដៅអភិវឌ្ឍន៍ដោយចីរភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កិច្ចសម្រួលពាណិជ្ជកម្មនិងភស្តុភារកម្ម ការបង្កើតបរិយាកាសពាណិជ្ជកម្មល្អ និងមានភាពប្រកួតប្រជែង ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ការបង្កើនខ្សែច្រវ៉ាក់តម្លៃបន្ថែមលើផលិតផលនាំចេញ ការធ្វើពិពិធកម្មផ្នែកពាណិជ្ជកម្ម ការជម្រុញសេវាកម្មសម្រាប់ទីផ្សារតំបន់ បង្កើនការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការត្រៀមខ្លួនទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងការកសាងសេដ្ឋកិច្ចឌីជីថលជាដើម។

លោកជំទាវរដ្ឋលេខាធិការបន្តថា ការធ្វើពាណិជ្ជកម្មអន្តរជាតិ ពិតជាមានលក្ខណៈស្មុគស្មាញ និងពាក់ព័ន្ធទៅនឹងតួអង្គជាច្រើន ហេតុនេះត្រូវតែស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសដើម្បីការពារពីហានិភ័យ និងជៀសវាងការខាតបង់ក្នុងប្រតិបត្តិការអាជីវកម្ម យើងត្រូវយល់់ដឹងពី Standard Trade Condition and Risk Managment  ឱ្យបានច្បាស់។ លើសពីនេះ សាធារណៈជនគួសិក្សាស្វែងយល់ពីទិដ្ឋភាពច្បាប់ ទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ ឬទំនាក់ទំនងជាមួយស្ថានតំណាងពាណិជ្ជកម្មកម្ពុជាដែលមានស្រាប់ នៅតាមបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ ដើម្បីដឹងលម្អិតពីការអនុវត្តជាក់ស្តែង និងលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ។

គួរកត់សម្គាល់ផងដែរថា វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានសហការការជាមួយសមាគមភស្តុភារកម្មកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលលើវិស័យភស្តុភារកម្មបានចំនួន៥ វគ្គរួចមកហើយ ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ