ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៦:២៨ នាទី ល្ងាច
👁 20
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (U.S. ASEAN Business Council – US-ABC) ដឹកនាំដោយ ឯកឧត្តមអគ្គរដ្ឋទូត Ted Osius ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ច US-ABC តាមប្រព័ន្ធវីដេអូ។ មុននឹងចាប់ផ្តើមពិភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច US-ABC ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងបានថ្លែងការអបអរសាទរជូនចំពោះឯកឧត្តមអគ្គរដ្ឋទូត Ted Osius ដែលត្រូវបានជ្រើសតាំងជាប្រធាន និងនាយកប្រតិបត្តិថ្មី។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើការងារអាទិភាព និងគំនិតផ្តួចផ្តើមនានាដាក់ចេញដោយអាស៊ាន ជាពិសេសនៅពេលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។ បន្ថែមពីនេះ កិច្ចពិភាក្សា ផ្តោតលើការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-សេដ្ឋកិច្ចទ្វេភាគី និងតំបន់ និងការចូលរួមរបស់វិស័យឯកជនក្នុងស្តារទ្បើងវិញនូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្មសកល ពាណិជ្ជកម្មឌីជីថល ប្រព័ន្ធសុខាភិបាល ការស្តារទំនុកចិត្តឡើងវិញក្នុងការធ្វើដំណើរ និងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ជាដើម។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ដោយឈរជាមូលដ្ឋានភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាពគ្នា និងភាពសុខដុមរមនា នៅក្នុងអាស៊ាន។ ពិសេសកម្ពុជានឹងផ្តោតសំខាន់លើកិច្ចខិតខំស្តារសេដ្ឋកិច្ចសង្គម ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងប្ដេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការបង្កើតនូវផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលទើបបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដីបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍នូវការដាក់ដំណើររោងចក្រដំទ្បើងរថយន្ត Ford នៅខេត្តពោធិសាត់ ដែលអាចផ្តល់ឱកាសការងារជូនប្រជាជនកម្ពុជា និងការផ្ទេរបច្ចេកវិទ្យាជាដើម។ ម្យ៉ាងទៀតឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្វាគមន៍ ក្រុមហ៊ុនដឹកជញ្ជូន Fedex ដែលមានគោលបំណងពង្រីកសេវាកម្មដឹកជញ្ជូនត្រង់តាមផ្លូវអាកាសមកកម្ពុជាផងដែរ។
ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត Ted Osius បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីក្រសួងពាណិជ្ជកម្មដែលតែងតែបានយកចិត្តទុកដាក់គាំទ្រ និងសម្របសម្រួលដល់អ្នកវិនិយោគ និងក្រុមហ៊ុនសហរដ្ឋអាម៉េរិក នាពេលកន្លងមក។ ឯកឧត្តមអគ្គរដ្ឋទូត និងក្រុមហ៊ុនអាមេរិក បានប្តេជ្ញាជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការធុរកិច្ចបន្ថែមទៀត ជាពិសេសបានបង្ហាញពីការគាំទ្រនៅពេលដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូត Ted Osius និងក្រុមហ៊ុនអាមេរិក ក៏បានថ្លែងកោតសរសើរដល់រាជរដ្ឋាភិបាលក្នុងចំណាត់ការទប់ស្កាត់ការរីករាលដាល និងកិច្ចខិតខំប្រឹងប្រែងក្នុងការបើកចំហប្រទេសទ្បើងវិញ អនុញ្ញាតដំណើរការសកម្មភាពសេដ្ឋកិច្ច អាជីវកម្ម សំដៅស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣