ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៦:៤២ នាទី ព្រឹក

👁 37

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សាការងារទ្វេរភាគី និងជំរុញកិច្ចសហប្រិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ ឯកឧត្តម W. Patrick Murphy និងគណៈប្រតិភូដែលបានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ហើយបានជម្រាបជូនអំពីវឌ្ឍនភាពនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអាម៉េរិក ចំពោះការផ្តល់ជូនវ៉ាក់សាំង Johnson & Johnson ចំនួន១.០៦០.១០០ ដូស តាមរយៈ COVAX មកកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងអំពីការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី ក្នុងអំទ្បុងពេលនៃការប្រឈមនឹងវិបត្តិជំងឺ កូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ ដែលសហរដ្ឋអាម៉េរិកគឺជាទីផ្សារធំរបស់កម្ពុជា។ គិតត្រឹមរយៈពេល៧ខែចុងក្រោយនេះទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិកមានចំនួន៤ពាន់លានដុល្លារជាង កើនឡើងជា៣៧% ប្រើប្រៀបធៀបរយៈពេល៧ដូចគ្នាក្នុងឆ្នាំ២០២០។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ កន្លងទៅ ដែលបានជំរុញឱ្យវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនថា កម្ពុជាបាននិងកំពុងប្រឹងប្រែងសហការជាមួយអង្គការកម្មសិទ្ធបញ្ញាពិភពលោក (WIPO) ក្នុងការសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត និងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរទ្បើង ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។

ឯកឧត្តមរដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វាក់សាំងជូនប្រជាពលរដ្ឋកម្ពុជានិងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍នូវការដាក់ដំណើររោងចក្រដំទ្បើងរថយន្ត Ford នៅខេត្តពោធិសាត់ដែលអាចផ្តល់ឱកាសជូនប្រជាជន កម្ពុជា និងការផ្ទេរបច្ចេកវិទ្យាជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងការស្វាគមន៍ចំពោះការបើកការិយាល័យរបស់ក្រសួងកសិកម្មអាម៉េរិក (USDA) ប្រចាំកម្ពុជា ដែលអាចលើកកម្ពស់ផលិតភាពវិស័យកសិកម្មកម្ពុជា ហើយតាម រយៈនេះ អាចបង្កើនកិច្ចសហប្រតិបត្តិពាណិជ្ជកម្មទាក់ទងនឹងកសិកម្មរវាងប្រទេសទាំងពីរ ផងដែរ។

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផងដែរអំពីការងារអាទិភាពក្នុងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យានឹងជួយគាំទ្រកម្ពុជាក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងសម្តែងការគាំទ្រដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៕


 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ