ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួមក្នុងមហាព្រឹត្តិការណ៍ ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ សហភាពអារ៉ាប់រួម

ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ម៉ោង ០៥:៥៨ នាទី ល្ងាច

👁 20

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ឌុយបៃ សហភាពអារ៉ាប់រួម៖ នារាត្រីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២០៖០០ នាទី ម៉ោងនៅទីក្រុង ឌុយបៃ ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះអង្គម្ចាស់ ហ្សែគ មូហាម៉េត ប៊ីន រ៉ាស៊ីត អាល ម៉ាកតុម អនុប្រធានាធិបតី ជានាយករដ្ឋមន្រ្តី នៃសហភាព អារ៉ាប់រួម និងជាអ្នកគ្រប់គ្រងទីក្រុងឌុយបៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន ១៩២ រួមទាំង ព្រះរាជាណាចក្រកម្ពុជាផងដែរ។ សូមបញ្ជាក់ថា តាមកាលបរិច្ឆេទរបស់គណៈកម្មការរៀបចំពិព័រណ៍ ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ គ្រោងសម្ពោធនៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែត្រូវបានពន្យារពេល ១ ឆ្នាំ ដោយសាររងផលប៉ះពាល់នៃជំងឺកូវីដ-១៩។

ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំទ្បើងនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្រិ្វកខាងជើង (MENA) មានរយៈ ៦ ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹង ១៨២ ថ្ងៃ។ ប្រធានបទនៃពិព័រណ៍នេះ គឺ៖ ភ្ជាប់ចិត្ត បង្កើតអនាគត (Connecting Minds, Creating the Future)  និងមានប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និរន្តរភាព។ តាមការរំពឹងទុក ពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវចូលទស្សនាចំនួន ២៥ លាននាក់ ក្នុងនោះ ៧០% ជាភ្ញៀវមកពីបរទេស ។

ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួមក្នុងមហាព្រឹត្តិការណ៍ កម្រិតពិភពលោកនេះ ដោយបានរៀបចំសាងសង់ពន្លាជាតិលើផ្ទៃដីទំហំ ៣៨៤.៥ ម២ មានកម្ពស់ ២ជាន់។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកទីតាំងពន្លាជាតិស្ថិតនៅក្នុងប្រធានបទរង ទី៣ (និរន្តរភាព) ក្នុងអគារ លេខៈ SA03-A ស្ថិតនៅក្នុងសង្កាត់ Sustainability ។

ពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណិតតាមរចនាបទខ្មែរ   ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ គោលដៅចម្បងរបស់យើង គឺការរៀបចំតុបតែងពន្លាជាតិកម្ពុជាឲ្យមានភាពទាក់ទាញ ដើម្បីកសាងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរណ៍ បង្ហាញនូវសក្តានុពលជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយនូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលកម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដ៏ចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដើម្បីធ្វើឲ្យពិភពលោកបានស្គាល់នូវភាពសម្បូរបែបនៃសិល្បៈ វប្បធម៌របស់កម្ពុជា និងភាពស្រស់បំព្រងនៃបរិស្ថានធម្មជាតិ ដែលជាសក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ចជានិរន្ត៍ ព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសយកប្រធានបទរង “និរន្តរភាព” ជាប្រធានបទរបស់ខ្លួន។  ស្របតាមប្រធានបទរួមនៃពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ ភ្ជាប់ចិត្ត បង្កើតអនាគត រួមផ្សំនឹងបទពិសោធន៍ចូលរួមពិព័រណ៍ពិភពលោកជាច្រើនឆ្នាំកន្លងទៅ ពន្លាជាតិកម្ពុជាត្រូវបានរៀបចំឡើងដោយច្របាច់ បញ្ចូលគ្នានូវសម័យកាលសំខាន់ជាប្រវត្តិសាស្រ្តរបស់ខ្លួនគឺ៖ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញ បច្ចុប្បន្ន។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមអញ្ជើញជនរួមជាតិ និងភ្ញៀវអន្តរជាតិចូលរួមគាំទ្រ និងចូល ទស្សនាពន្លាជាតិកម្ពុជា ឲ្យបានច្រើនកុះករ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ