ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ម៉ោង ០៩:១៦ នាទី យប់
👁 16
នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំនៃប្រទេស G77 & China ដែលបានរៀបចំឡើងដោយសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) តាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីប្រកាសថ្នាក់រដ្ឋមន្ត្រីនៃប្រទេស G77 & China សម្រាប់ដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤-៧ ខែតុលា ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួន ដែលប្រទេស G77 & China បានឯកភាព ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច រួមមាន៖
១) សារៈសំខាន់នៃប្រព័ន្ធពហុភាគីនិយម ជាពិសេសសារៈសំខាន់នៃអង្គការ UNCTAD និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងការលើកកំពស់ពាណិជ្ជកម្ម និងការអភិឌ្ឍន៍ តាមរយៈការកសាងការឯកភាពរួម និងការអនុវត្តកាតព្វកិច្ចអន្តរជាតិរួម។
២) ការទាមទាឲ្យមានការទទួលបាននូវវ៉ាក់សាំងកូវីដ១៩ ប្រកបដោយសមភាព និងការផ្គត់ផ្គង់ទាន់ពេលវេលា ដោយវ៉ាក់សាំងជាឧបករណ៍មួយដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
៣) ស្នើសុំឲ្យមានការផ្ដល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែមទៀត និងតាមការសន្យារបស់ប្រទេសផ្ដល់ជំនួយ ជាពិសេសជំនួយសម្រាប់ពាណិជ្ជកម្ម ដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសទាំងនោះ។
៤) គាំទ្រដល់ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគ ប្រកបដោយចីរភាព។ និង
៥) ការចូលរួមក្នុងការកាត់បន្ថយគម្លាតឌីជីថលរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងប្រព័ន្ធពហុភាគី ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងការកសាងសមត្ថភាព និងជំនួយបច្ចេកទេស។
សេចក្ដីប្រកាសនៃប្រទេស G77 & China នឹងយកទៅពិភាក្សាបន្ថែម ដើម្បីដាក់ខ្លឹមសារទាំងនេះ ចូលទៅក្នុងសេចក្ដីសម្រេចថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំ UNCTAD 15 បន្តទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣