ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ម៉ោង ០៦:៥៤ នាទី ល្ងាច
👁 17
(កណ្ដាល)៖ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០” ត្រូវបានបញ្ចប់ដោយជោគជ័យ ជាមួយស្នាមញញឹម និងក្តីរីករាយ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅខេត្តកណ្ដាល ទីក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាអនុប្រធានសហព័ន្ធ ឯកឧត្តមបណ្ឌិត មាស សារិន អនុប្រធានអចិន្រ្តៃយ៍សហព័ន្ធ ឯកឧត្តម ឯម ម៉ាអូរី អនុប្រធានសហព័ន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូ គណៈកម្មការរៀបចំការប្រកួត អាជ្ញាធម៌ខេត្ត គ្រូបង្វឹក កីឡាករ-កីឡាការិនីជាច្រើនរូបទៀត។
ការប្រកួតនេះត្រូវបានរៀបចំឡើងរយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លើវិញ្ញាសាចំនួន ៥ រួមមាន៖ ទី១ ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ផ្នែកបុរស ទី២ ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ផ្នែកនារី ទី៣ ទូកកានូC1 ទី៤ ទូកកាយ៉ាក់K1 និងទី៥ ទូករ៉ូអ៊ីង។ ក្នុងនោះរង្វាន់សម្រាប់ជ័យលាភីទាំងអស់ត្រូវបានបែងចែកដូចតទៅ៖ សម្រាប់ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ផ្នែកបុរស និងនារី៖ លេខ១ ទទួលបាន ១,៩២០,០០០រៀល លេខ២ ទទួលបាន ១,៦០០,០០០រៀល លេខ៣ ទទួលបាន ១,២៧៨,០០០រៀល។ រីឯទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីងវិញ ចំណាត់ថ្នាក់លេខ១ ទទួលបាន ១៥០,០០០រៀល/ម្នាក់ លេខ២ ទទួលបាន ១២០,០០០រៀល/ម្នាក់ លេខ៣ ទទួលបាន ១០០,០០០រៀល/ម្នាក់។
ក្នុងពិធីបិទការប្រកួតនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្ដែងនូវការកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះប្រកបដោយភាពរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យកីឡាករខិតខំពង្រឹងសមត្ថភាពឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ និងបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យវិស័យកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ ឬហៅថា “ទូកនាគ” កាន់តែមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត។ អនុសាសន៍ទាំងនោះរួមមាន៖
១- ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស
២- ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគមកីឡាទូករាជធានី-ខេត្ត និង ក្រសួងពាក់ព័ន្ធ ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជាចូលរួម ប្រកួតទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ
៣- ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់សហព័ន្ធ និងសមាគមកីឡាទូក ទូទាំងប្រទេស ដោយផ្តោតលើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់
៤- ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត
៥- ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួត ឱ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន
៦-ត្រូវជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធ ឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិ និងអន្តរជាតិ ឲ្យកាន់តែច្រើនទៀត៕
សូមជម្រាបជូនថា ការប្រកួតនេះត្រូវបានសហការរៀបចំ និងឧបត្ថមថវិកា ដោយក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមឧត្តមនាវី ទៀ វិញ មេបញ្ជាការរងកងទ័ពជើងទឹក និងជាអនុប្រធានសហព័ន្ធ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម ជាម ចន្ទសោ័ភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធ ក្រុមហ៊ុន Ganzberg ឯកឧត្តម លី ហួត ក្រុមហ៊ុនទឹកបរិសុទ្ធ SKH ព្រមទាំងអ្នកឧបត្ថម្ភដទៃជាច្រើនរូបទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣