រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រី នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15)

ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ម៉ោង ០៨:៤៧ នាទី ព្រឹក

👁 32

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ ស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីវិបុលភាពរួម” នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15) ដែលសហការរៀបចំដោយរដ្ឋាភិបាលនៃប្រទេសបាបេដូស (Barbados) និងអង្គការ UNCTAD នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាមប្រព័ន្ធវីដេអូ។ សន្និសីទថ្នាក់រដ្ឋមន្ត្រីនេះ គឺជាកិច្ចប្រជុំកំពូលរបស់អង្គការ UNCTAD ដែលធ្វើឡើងរយៈពេល ៤ ឆ្នាំម្ដង ដោយមានការចូលរួមពីសមាជិកអង្គការ UNCTAD ទាំងអស់ ១៩៥ ប្រទេស និងអង្គការអន្តរជាតិ និងតួអង្គដទៃទៀត ដើម្បីពិភាក្សា និងរកដំណោះស្រាយដល់ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍន៍។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថា ការផ្លាស់ប្តូរឌីជីថល (Digital Transformation) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) បាន និងកំពុងជួយជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូ ធនតូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ហើយកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ និងពង្រឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការ ពាក់ព័ន្ធនានា ដើម្បីពន្លឿនការអភិវឌ្ឍវិស័យនេះឱ្យបានជោគជ័យ ប្រកបដោយចីរភាព និង បរិយាបន្ន។ យ៉ាងណាមិញ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល បានពង្រីកគម្លាតឌីជីថលរវាងប្រទេសអភិឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច ឱ្យកាន់តែធំ។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយប្រទេស ជាដៃគូពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធនានា រួមមានអង្គការ UNCTAD មានតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍ និងការទទួលបានផលប្រយោជន៍ពីពាណិជ្ជកម្មឌីជីថល តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងប្រព័ន្ធច្បាប់ និងគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាព ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។

ទន្ទឹមនឹងនេះផងដែរ នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ នៃសន្និសីទសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 14) ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៧ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ សម្រាប់ធ្វើការវិភាគការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិក (eTrade Readiness Assessment) ក្រោមការឧបត្ថមរបស់អង្គការ UNCTAD។ ការវិភាគនេះ មានសារៈសំខាន់ក្នុងការចង្អុលបង្ហាញភាពខ្វះខាត និងបង្កើតជាផែនទីបង្ហាញផ្លូវមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិកនៅកម្ពុជា តាមរយៈគោលនយោបាយអភិវឌ្ឍន៍ ចំនួន ៧ រួមមាន គោលនយោបាយ និងយុទ្ធសាស្ត្រ, ហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្ម ICT, ការសម្របសម្រួល និងឡូជីស្ទីកពាណិជ្ជកម្ម, ដំណោះស្រាយលើការទូទាត់, ក្របខ័ណ្ឌនិងបទប្បញ្ញត្តិច្បាប់, ការអភិវឌ្ឍជំនាញ និងលទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុ។ ជាលទ្ធផល ក្រសួងពាណិជ្ជកម្មបានដឹកនាំ និងចូលរួមការអភិវឌ្ឍ និងការធ្វើវិសោធនកម្ម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនរួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ ស្តីពីការប្រកួតប្រជែង, ច្បាប់ស្តីពីបទល្មើស បច្ចេកវិទ្យាព័ត៌មាន, និងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និងការលើកទឹកចិត្តធុរកិច្ចឌីជីថលថ្មី ជាដើម ក្នុងគោលបំណងដើម្បីគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងដោះស្រាយហានិភ័យផ្សេងៗពាក់ព័ន្ធទៅនឹង កិច្ចការពារទិន្នន័យ សន្តិសុខ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង។ល។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមើលឃើញពីចក្ខុវិស័យវែងឆ្ងាយក្នុងការចាប់យកកាលានុវត្តភាពពីបដិវដ្តន៍ឧស្សាហកកម្ម៤.០ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី “ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវដ្តន៍ឧស្សាហកម្ម៤.០” ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤។ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យមក្នុងស្រុកឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកលផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលនឹងរួមចំណែកយ៉ាងខ្លាំងក្នុងការស្តារ និងជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ក្រោយពីវិបត្តិនៃការឆ្លងរាតត្បាតជាសកលនៃមេរោគកូវីដ-១៩។

ជាការឆ្លើយតបទៅនឹងគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រសួងពាណិជ្ជកម្មក្រោមការឧបត្ថម្ភហិរញ្ញប្បទានពីអង្គការក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) បានរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅឆ្នាំ២០២០ ដើម្បីជាផែនទីបង្ហាញផ្លូវដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាវិស័យថ្មីមួយប្រកបដោយសក្តានុពលខ្ពស់ក្នុងការបង្កើតប្រភពកំណើនថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា។ យុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំឡើងដោយមានលក្ខណៈប្រទាក់ក្រឡា និងឆ្លើយតបទៅនឹងអនុសាសន៍ដែលមានកំណត់ក្នុងឯកសារយុទ្ធសាស្ត្រទាក់ទងនឹងវិស័យពាណិជ្ជកម្មផ្សេងៗទៀត រួមមានឯកសារយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ ដើម្បីផ្តល់គំរូអាជីវកម្មថ្មីមួយប្រកបដោយប្រសិទ្ធិភាព និងភាពប្រកួតប្រជែងខ្ពស់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលមានលក្ខណៈសមស្របទៅនឹងបរិបទសេដ្ឋកិច្ចឌីជីថល និងលក្ខខណ្ឌតម្រូវការទីផ្សារក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ និងក្រោយវិបត្តិនេះផងដែរ។ 

ក្រសួងពាណិជ្ជកម្ម ក៏បានដាក់ចេញនូវគម្រោង Go4eCAM ក្រោមការឧបត្ថម្ភហិរញ្ញប្បទានពីអង្គការក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) តាមរយៈជំនួសម្រាប់ពាណិជ្ជកម្ម (Aide for Trade) និងអង្គការ UNDP ក្នុងគោលបំណងដើម្បីទទួលបានផលប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយសហគ្រាសមីក្រូ ធុនតូច និងមធ្យម ជាពិសេសសហគ្រាសដឹកនាំដោយស្ដ្រី និងយុវជន។ គម្រោងនេះនឹងផ្ដល់ជូននូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតរួមមាន ការទាញយកផលប្រយោជន៍ពីទីផ្សារអនឡាញប្រភេទ B2B2C ការបង្កើនផលិតភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ ពង្រីកអាជីវកម្ម និងបង្កើតការងារថ្មីៗនៅកម្ពុជា។ 

ក្រៅពីនេះ កម្ពុជាក៏បានចូលរួមចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុង កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគី រួមមាន កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិករបស់អាស៊ាន ជំពូក ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកិច្ចព្រមព្រៀងអាសិប និងជំពូក ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ហើយសម្រាប់ ក្របខ័ណ្ឌពហុភាគី កម្ពុជាក៏បានតាមដានយ៉ាងដិតដល់លើវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមសេចក្តី ថ្លែងការណ៍រួម ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលកិច្ចព្រមព្រៀងទាំងនេះ នឹងធ្វើឱ្យវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់កម្ពុជាកាន់តែស៊ីជម្រៅបានមួយកម្រិតទៀត។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចូលរួមកិច្ចសហ ប្រតិបត្តិការជាមួយ UNCTAD និងប្រទេសជាសមាជិក និងអំពាវនាវឲ្យ UNCTAD បន្តជួយគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជា លើការពង្រឹងសមត្ថភាពផលិត ការអភិឌ្ឍន៍សមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងជំនាញបច្ចេកទេស ផងដែរ តាមរយៈការផ្ដល់ជំនួយសម្រាប់ពាណិជ្ជកម្មបន្ថែម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNCTAD និងរដ្ឋាភិបាលនៃប្រទេសបាបេដូស (Barbados) ដែលបានសហការរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសម្រាប់ឆ្នាំ២០២១ នេះ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ