ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ម៉ោង ០៤:៣៦ នាទី រសៀល
👁 20
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីចុះហត្ថលេខា «លើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើមី្បអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ស្ថានទូតនៃបណ្តាប្រទេសជាមិត្ត អង្គការអន្តរជាតិ និងសមាគមពាណិជ្ជកម្មមួយចំនួនទៀត ហើយពិធីចុះហត្ថលេខានេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និង វែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥, ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។
ដោយពិនិត្យឃើញពីសក្ដានុពលរបស់ខេត្តជាប់មាត់សមុទ្រមួយនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានឆ្ពោះទៅជា «ក្បាលម៉ាស៊ីន» មួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន ឲ្យរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺដោយសារវិទ្យាស្ថាននេះ មានបទពិសោធន៍ជាង៣០ឆ្នាំ និងបានរៀបចំប្រមាណ ៥ ៨០០ គម្រោងនៅលើពិភពលោក ជាពិសេស ជាស្ថាប័នដឹកមុខក្នុងការរៀបចំផែន ការអភិវឌ្ឍទីក្រុងស៊ិនជិនផងដែរ។ ដើម្បីសម្រេចឱ្យបាននូវចក្ខុ-វិស័យនេះ វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិនបានកំណត់គោលដៅអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុ ឱ្យក្លាយទៅជា៖ (១) ទីក្រុងដ៏ល្បី និងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (២) តំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត (Smart Technology) និងបំពាក់ដោយសេវាសាធារណៈ/បរិក្ខា សម្រាប់រស់នៅលំដាប់ពិភពលោក (World Class Facility), (៣) តំបន់ប្រកបដោយបរិស្ថានបៃតង និងតំបន់ឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមបម្រើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងសកលលោក និងជាពិសេស (៤) ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានស្នើរគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដៃគូហិរញ្ញប្បទាន វិស័យឯកជន និងសមាគមពាណិជ្ជកម្ម បន្តចូលរួមផ្តល់ការគាំទ្រដល់ការរៀបចំ និងការអនុវត្តផែនការមេ ឱ្យបានសម្រេចដូចការរំពឹងទុក៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣