ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីរបាយការណ៍ពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ ២០១៥-២០២៥ តាមប្រព័ន្ធវីដេអូ

ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ម៉ោង ០៥:១៧ នាទី ល្ងាច

👁 25

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីស្តីការក្រសួងពាណិជ្ជកម្ម)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីនៃក្រុមលេខាធិការដ្ឋានទទួលបន្ទុកការងារ IDP របស់ក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពី របាយការណ៍ពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  

នៅក្នុងកិច្ចប្រជុំនេះផងដែរ ប្រធានក្រុមលេខាធិការដ្ឋានទទួលបន្ទុកការងារ IDP នៃ ក.អ.ក ក៏បានធ្វើបទបង្ហាញសង្ខេបរួមស្តីពីសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនេះ រួមបញ្ចូលទាំង សារបាន រចនាសម្ព័ន្ធនៃរបាយការណ៍ វិធីសាស្រ្តនៃការវាយតម្លៃ ក៏ដូចជាសមិទ្ធកម្មសំខាន់ៗក្នុងការសម្រេចបានចក្ខុវិស័យ និងគោលបំណងនៃ IDP ជូនអង្គប្រជុំទាំងមូល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសេចក្តីព្រាងរបាយការណ៍នេះបានយ៉ាងល្អប្រសើរ។ ឯកឧត្តម ក៏បានជម្រាបជូនអំពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការចូលរួមគាំទ្រនៃការអនុវត្តគោលនយោបាយ IDP ក្នុងពេលកន្លងមក រួមមានការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល តាមរយៈការបន្តធ្វើពិពិធកម្មទីផ្សារនាំចេញ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលថ្មីៗនេះរួមមាន  កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម ក៏ដូចជាការបន្តធ្វើទំនើបកម្មការចុះបញ្ជីពាណិជ្ជកម្ម រួមមានការចុះបញ្ជីតាមប្រព័ន្ធ CamDX និងការរៀបចំគោលនយោបាយសម្រាប់ទំនិញកសិកម្មសក្តានុពលសំខាន់ៗ ដូចជា ដំឡូងមី និងស្វាយចន្ទី ជាដើម។

ជាលទ្ធផល អង្គប្រជុំបានឯកភាពជូនក្រុមការងារលេខាធិការដ្ឋាន និងក្រសួង-ស្ថាប័នផ្តល់ធាតុចូលបន្ថែម មុននឹងបន្តនីតិវិធីដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈមន្រ្តី ដើម្បីពិនិត្យ និងសម្រេចក្នុងពេលខាងមុខនេះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្ម ទោះបីជាស្ថិតនៅក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មី ក្នុងការបំពេញបន្ថែម និងផ្តល់ធាតុចូលដ៏មានសារៈសំខាន់នានាក្នុងសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ ២០១៥-២០២៥ នេះ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ