ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ម៉ោង ១០:១៧ នាទី ព្រឹក
👁 28
កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលដឹកនាំដោយ ឯកឧត្តម ថេត អូសៀស (Ted Osius) ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន។ កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមអមសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តមទេសរដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
នៅក្នុងឱកាសនោះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានជោគជ័យ។ ឯកឧត្តម ថេត អូសៀស ក៏បានគោរពជម្រាបជូនសម្ដេចតេជោ នូវចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុ និងការនាំចេញនាំចូល។ ម្យ៉ាងវិញទៀត ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជានៅពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះអាស៊ាននៅពេលខាងមុខ ក៏ដូចជាជួយដល់កម្ពុជាលើវិស័យសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាជួយកម្ពុជាក្នុងការកសាងសមត្ថភាព និងបញ្ហាសន្តិសុខថាមពលផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានទទួលស្គាល់នូវភាពជឿនលឿនរបស់កម្ពុជាក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការទទួលបានផ្លែផ្កាជាវិជ្ជមាននេះ និងសម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ដល់កម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នូវផែនការចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុរបស់កម្ពុជា និងវិធានការឆ្ពោះទៅមុខរបស់កម្ពុជា ដែលរួមមានបន្តគ្រប់គ្រងជំងឺកូវីដ-១៩ ជំរុញការកែទម្រង់ផ្នែកធុរកិច្ចឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើន ជំរុញការកែទម្រង់លើគ្រប់វិស័យ និងជំរុញការបង្កើនសកម្មភាពធុរកិច្ច និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នូវសក្តានុពលអំពីការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ព្រមជាមួយការអំពាវនាវ ឲ្យវិនិយោគិនសហរដ្ឋអាមេរិកពិចារណាមកវិនិយោគនៅកម្ពុជានាពេលខាងមុខផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣