ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ម៉ោង ០៦:៥២ នាទី ព្រឹក
👁 24
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួង ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU ASEAN Business Council – EU-ABC) ដែលដឹកនាំដោយ លោក Donald Kanak ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ច EU-ABC និងមានការចូលរួមពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) និងតំណាងមកពីក្រុមហ៊ុនមួយចំនួន ដែលជាសមាជិករបស់ក្រុមប្រឹក្សា EU-ABC តាមប្រព័ន្ធវីដេអូ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនដោយសង្ខេបអំពីការងារអាទិភាព និងគំនិតផ្តួចផ្តើមនានា ដែលកម្ពុជាបានត្រៀមសម្រាប់ឆ្នាំ២០២២ ធ្វើជាប្រធានអាស៊ាន ជាពិសេសផែនការអាស៊ានក្នុងដំណើរឆ្ពោះទៅរកសហគមន៍សេដ្ឋកិច្ចឌីជីថល។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តកិច្ចពិភាក្សាដោយផ្តោតលើការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-សេដ្ឋកិច្ចកម្ពុជា-អឺរ៉ុប និងការចូលរួមរបស់វិស័យឯកជនក្នុងស្តារទ្បើងវិញនូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្មសកល តាមរយៈការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) និងកម្មសិទ្ធិបញ្ញា ជាដើម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្ដីបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
ជាការឆ្លើយតប លោក Donald Kanak បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីក្រសួងពាណិជ្ជកម្មដែលតែងតែបានយកចិត្តទុកដាក់គាំទ្រ និងសម្របសម្រួលដល់អ្នកវិនិយោគ និងសមាជិកក្រុមប្រឹក្សា EU-ABC នាពេលកន្លងមក។ សមាជិកក្រុមប្រឹក្សា EU-ABC បានប្តេជ្ញាជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការធុរកិច្ចបន្ថែមទៀត ជាពិសេសបានបង្ហាញពីការគាំទ្រនៅពេលដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣