ក្រសួងពាណិជ្ជកម្ម រៀបចំសន្និសីទសារព័ត៌មានស្តីពីការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២០ ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ម៉ោង ១០:២៧ នាទី ព្រឹក

👁 35

Thumbnail (ក្រសួងពាណិជ្ជកម្ម)

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការ ក្រសួងពាណិជ្ជកម្ម មានរៀបចំ សន្និសីទ សារព័ត៌មានស្តីពីការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២០ ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោក-លោកស្រី អ្នកសារព័ត៌មានជាច្រើនរូប។ គោលបំណងនៃការរៀបចំសន្និសីទសារព័ត៌មាននេះ គឺដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ស្តីពីការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ដែលពិព័រណ៍នេះបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ដោយមានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ១៩២ រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ដែលធ្វើឡើងក្នុងរយៈពេល ៥ឆ្នាំម្តង សម្រាប់ឆ្នាំ២០២០ គឺ សហភាពអារ៉ាប់រួម បានទទួលធ្វើម្ចាស់ផ្ទះរៀបចំ ប៉ុន្តែដោយសារការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ពិព័រណ៍នេះត្រូវបានលើកពេល ១ឆ្នាំ ហើយកាលបរិច្ឆេទថ្មីបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានរយៈពេល ៦ខែ។

កម្ពុជា បានរៀបចំសាងសង់ពន្លាជាតិមួយយ៉ាងល្អប្រណីតនៅលើផ្ទៃដីទំហំ ៣៨៤.៥ ម៉ែត្រការ៉េ មានកម្ពស់ ២ជាន់។ គណៈកម្មការអន្តរក្រសួង បានឯកភាពយកការរចនាប្លង់ពន្លាជាតិកម្ពុជា ស្របតាមប្រធានបទដែលរាជរដ្ឋាភិបាល បានកំណត់ គឺ “និរន្តរភាព” (Sustainability)។ ការតុបតែងរចនាពន្លាជាតិកម្ពុជា ត្រូវបានច្របាច់បញ្ចូលគ្នានូវសម័យកាលជាប្រវត្តិសាស្រ្តចំនួនបួន គឺសម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុម្មុខ ឬសម័យភ្នំពេញបច្ចុប្បន្ន ដោយបង្ហាញពីកេរ្តិ៍ដំណែលវប្បធម៌ប្រវត្តិសាស្រ្តមានពីបុរាណ និងខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលដូនតាខ្មែរបានបន្សល់ទុកនូវតឹកតាងរហូតមក ដល់បច្ចុប្បន្ន ដូចជា រូបចម្លាក់ ប្រាង្គប្រាសាទ ចម្លាក់នានានៅតាមជញ្ជាំងប្រាសាទ រូបចម្លាក់ទេវកថា និងបុព្វបុរសខ្មែរ សម័យអង្គរ វិស័យពាណិជ្ជកម្ម កសិកម្ម និងវិស័យទេសចរណ៍ដែលជាចន្ទល់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។

បន្ទាប់ពីបានបើកទ្វារទទួលភ្ញៀវចូលទស្សនាពីថ្ងៃទី១-២០ ខែតុលា ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនាចំនួន ២១,៤០២នាក់។ ពន្លាជាតិកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈការរៀបចំតុបតែងប្រកបដោយលក្ខណៈរស់រវើក និងស្របតាមប្រធានបទ។ កម្ពុជាសង្ឃឹមថា នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការចូលរួមពិព័រណ៍ពិភពលោក២០២០ ឌុយបៃ ជាពិសេសការលើកស្ទួយមុខមាត់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាឲ្យកាន់តែល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ តាមរយៈការចងចាំដក់ជាប់ក្នុងចិត្តរបស់អ្នកទស្សនានូវអ្វីដែលពួកគេបានឃើញ ដូចជាប្រាសាទអង្គរវត្តដ៏ល្បីល្បាញ បរិស្ថានធម្មជាតិដ៏ស្រស់បំព្រង វប្បធម៌ដ៏សម្បូរបែប និងសិល្បៈរបាំប្រពៃណីខ្មែរ ដែលមានពីតាំងសម័យបុរាណ និងបច្ចុប្បន្ន។ អ្នកទស្សនា ក៏នឹងចងចាំផងដែរនូវស្នាមញញឹមពោពេញដោយក្តីសង្ឃឹម និងភាពដ៏ស្មោះត្រង់ របស់មន្ត្រីប្រចាំការចំពោះភ្ញៀវគ្រប់រូប ដែលជាកត្តាមួយជំរុញឲ្យអ្នកទស្សនាចង់មកទស្សនាប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមទៀតអំពីវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿង តំបន់ទេសចរណ៍ធម្មជាតិ និងការធ្វើវិនិយោគទុននៅប្រទេសកម្ពុជា។

សូមជម្រាបជូនថា កម្ពុជាធ្លាប់មានបទពិសោធន៍ចូលរួមរៀបចំពិព័រណ៍ពិភពលោក និងពិព័រណ៍អន្តរជាតិជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន ហើយការរៀបចំតុបតែងពន្លាជាតិ តែងមានការចាប់អារម្មណ៍គាំទ្រពីភ្ញៀវទស្សនាយ៉ាងខ្លាំង ជាក់ស្តែងការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០០៥ នៅទីក្រុងអាយាជី ប្រទេសជប៉ុន ពន្លាជាតិកម្ពុជាបានទទួលភ្ញៀវចូលទស្សនាចំនួន ៣.៧២៩.៤៧៦នាក់, ឆ្នាំ២០១០ នៅទីក្រុងសៀងហៃ បានទទួលភ្ញៀវចូលទស្សនាចំនួន ៩.៧៣៩.៨២៦នាក់, ឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី បានទទួលភ្ញៀវចូលទស្សនាចំនួន ២.២២២.៨៣១នាក់ ហើយយើងសង្ឃឹមថា ការចូលរួមពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ពន្លាជាតិកម្ពុជា នឹងទទួលបានភ្ញៀវចូលទស្សនាបានច្រើនផងដែរ ប្រសិនបើស្ថានភាពនៃជំងឺកូវីដ-១៩ មានការថមថយ និងកាន់តែប្រសើរឡើងនោះ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ