ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី តាមប្រព័ន្ធវីដេអូ

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ម៉ោង ០៥:០៤ នាទី ល្ងាច

👁 25

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី ដែលដឹកនាំដោយ ឯកឧត្តម Dan Tehan រដ្ឋមន្រ្ដីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្រ្ដាលី តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំខាងលើនេះក៏ត្រូវបានចូលរួមដោយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ផងដែរ។

ជាការចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្ដី បានស្វាគមន៍យ៉ាងកក់ក្កៅចំពោះ ឯកឧត្តម Dan Tehan និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនប្រទេសអូស្ដ្រាលី ដែលបានផ្ដល់ជំនួយដល់កម្ពុជា លើដំណើរការចាក់វាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាវ៉ាក់សាំងជាកត្តាដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជាបើកប្រទេសឡើងវិញបាន។  

ជាការឆ្លើយតប ឯកឧត្តម Dan Tehan បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ  និងភាពជោគជ័យលើយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម Dan Tehan បានធ្វើការកត់សម្គាល់ផងដែរ លើទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានកំណើនជាបន្ដបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលកម្ពុជា និងអូស្រ្ដាលីជាសមាជិក។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្ដី បានជម្រាបជូន ឯកឧត្តម Dan Tehan ពីការបញ្ចប់រួចរាល់នូវនីតិវិធីក្នុងស្រុកលើការផ្ដល់សច្ចាប័ននៃកិច្ចព្រមព្រៀងអាសិបរបស់កម្ពុជា ដែលព្រះមហាក្សត្រទ្រង់បានប្រកាសឱ្យប្រើប្រាស់ច្បាប់នេះជាផ្លូវការ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ។

ក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីការត្រៀមរៀបចំធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅក្នុងឆ្នាំ២០២២ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យក្នុការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ការសម្របសម្រួល និងការគាំទ្រយ៉ាងកក់ក្ដៅពីភាគីពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអាស៊ាន និងបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ានទាំងអស់ ពិតជាមានសារៈសំខាន់។

ភាគីអូស្រ្តាលីបានសាទរដល់កម្ពុជាក្នុងការទទួលបានតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងបានបង្ហាញការគាំទ្រយ៉ាងកក់ក្ដៅ និងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយកម្ពុជាក្នុងការបំពេញតួនាទីដ៏សំខាន់នេះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណគុណសារជាថ្មីដល់រដ្ឋាភិបាលអូស្រ្ដាលី ដែលតែងតែគាំទ្រ និងផ្ដល់ជំនួយបច្ចេកទេសផ្សេងៗដល់កម្ពុជា ដើម្បីគាំទ្រដល់ដំណើរការ ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសវិស័យពាណិជ្ជកម្ម។ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ