ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១០:០៩ នាទី ព្រឹក
👁 20
(រាជធានីភ្នំពេញ)៖ នៅសៀលថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមផ្តល់សុន្ទរកថាបើក និងប្រកាសសម្ពោធដាក់ឱ្យដំណើរការ «កម្មវិធីប្រកួតភាពច្នៃប្រឌិត ស្តីពីការពន្លឿនអាជីវកម្មតាមបែបឌីជីថល និងពាណិជ្ជកម្មតាមបែបអេឡិចត្រូនិក» តាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១0៦ នាក់ ដែលជាតំណាងមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងសហគ្រិននានា។
ក្នុងឱកាសនោះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ UNDP Cambodia សហគ្រិនខែ្មរ និងសិក្ខាកាមទាំងអស់ ដែលបានអញ្ជើញចូលរួម និងមានសំណួរយ៉ាងសកម្ម។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានលើកបញ្ជាក់ពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបាន រួមមាន៖ ច្បាប់ស្ដីពីកិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM) និងផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ (Cambodiatrade.com) ដែលបាននិងកំពុងដឹកនាំ និងអនុវត្តដោយក្រសួងពាណិជ្ជកម្ម។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការបានលើកសរសើរអំពីការអនុវត្តយ៉ាងរលូននូវ «កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម» ដែលបានដាក់សម្ពោធនាពេលថ្មីៗកន្លងមកនេះផងដែរ។
លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថា កម្មវិធីប្រកួតភាពច្នៃប្រឌិត ស្តីពីការពន្លឿនអាជីវកម្មតាមបែបឌីជីថល និងពាណិជ្ជកម្មតាមបែបអេឡិចត្រូនិកនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានរួមគ្នារវាងអង្គភាពពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ដោយសហការអនុវត្តន៍ជាមួយអង្គការ UNDP Cambodia និងសហគ្រិនខែ្មរ។ កម្មវិធីនេះគឺជាផ្នែកមួយនៃសមាសភាគទី២ របស់គម្រោង Go4eCAM ដែលបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ចូលរួមប្រកួតប្រជែងអភិវឌ្ឍន៍គំនិត ឬដំណោះស្រាយអាជីវកម្មតាមបែបឌីជីថលដើម្បីអាចចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ទីផ្សារក្នុងស្រុក និងផ្តោតជាពិសេសទៅលើទីផ្សារអន្តរជាតិ។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ និងបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការចូលរួមកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ និងអង្គការ UNDP Cambodia ក្នុងការអនុវត្តកម្មវិធីប្រកួតភាពច្នៃប្រឌិតនេះទទួលបានជោគជ័យ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣