ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៨:៥២ នាទី ព្រឹក
👁 18
(ភ្នំពេញ)៖ នារាត្រីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជា ចូលរួមពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញ ក្នុងពិធីសម្ពោធ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៤ (The 4th China International Import Expo) និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ (Hongqiao International Economic Forum)” ដែលរៀបចំឡើងនៅទីក្រុង សៀងហៃ ប្រទេសចិន។ ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតពិភពលោកនេះ បានបើកសម្ពោធដោយមានការថ្លែងសុន្ទរកថា ដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្តង់ ប្រធានាធិបតីនៃសាធារណរដ្ឋហ្សាំប៊ៀ នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ អគ្គនាយិកានៃអង្គការពាណិជ្ជកម្មពិភពលោក(WTO) អគ្គលេខាធិការនៃអង្គការ UNCTAD ព្រមទាំងមានការចូលរួមដោយផ្ទាល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការ សមាគម បេសកជនបរទេស ស្ថានកុងស៊ុល និងអាជ្ញាធរទីក្រុងសៀងហៃ តំណាងមកពីទីក្រុងហុងកុង ទីក្រុងម៉ាកាវ កោះតៃវ៉ាន់ និងការចូលរួមពីចម្ងាយតាមប្រព័ន្ធ វីដេអូអនឡាញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្រ្តី នៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោកចំនួន១០៦ប្រទេស។
ក្នុងឱកាសនោះឯកឧត្តម ស៊ី ជីនពីងបានថ្លែងមតិស្វាគមន៍ប្រទេសចូលរួមទាំងអស់ និងអំពាវនាវឱ្យបណ្តាប្រទេសជុំវិញពិភពលោកដើរឱ្យទាន់និន្នាការទូទៅនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងគាំទ្រក្នុងការបើកចំហ ហើយប្រឆាំងឯកតោភាគីនិយម លទ្ធិគាំពារនិយម និងជំរុញមនុស្សជាតិឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ។ ឯកឧត្តម មានប្រសាសន៍ទៀតថា ឆ្នាំនេះគឺជាខួបលើកទី២០នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)របស់ប្រទេសចិន ហើយក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានអនុវត្តការសន្យានៃការចូលជាសមាជិកWTOរបស់ខ្លួនយ៉ាងពេញលេញ ដោយកម្រិតពន្ធគយជារួមរបស់ប្រទេសចិនបានធ្លាក់ចុះពី១៥.៣%មក៧.៤% ដែលទាបជាង៩.៨%នៃការសន្យាចូលជាសមាជិករបស់WTOនាគ្រាដំបូង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា នេះគឺជាលើកទី៤ ដែលប្រទេសកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនកម្រិតពិភពលោកមួយនេះ។ សម្រាប់ឆ្នាំ២០២១នេះ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀត មិនបានដឹកនាំគណៈប្រតិភូទៅចូលរួមដោយផ្ទាល់ទេ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំពន្លាជាតិមួយ និងក្រុមហ៊ុនកម្ពុជាចំនួន៥ ចូលរួមពីចម្ងាយតាមប្រព័ន្ធអនឡាញ និងបានសម្របសម្រួលឱ្យក្រុមហ៊ុនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ដែលមានសាខា និងផលិតផលនៅប្រទេសចិនស្រាប់ចូលរួមតាំងពិព័រណ៍ដោយផ្ទាល់ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្នុងការចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ឆ្នាំ២០២១នេះ ពន្លាជាតិកម្ពុជា ត្រូវបានរចនាឡើងតាមរចនាបថខ្មែរសម័យទំនើបតាមទម្រង់3D ដោយមានដាក់តាំងបង្ហាញផលិតផលសក្តានុពល រូបភាពស្តីពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវីដេអូផ្សព្វផ្សាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។ ចំពោះអ្នកទស្សនាដែលមានការចាប់អារម្មណ៍អាចចូលទស្សនាពន្លាជាតិកម្ពុជា តាមរយៈតំណភ្ជាប់គេហទំព័ររបស់គណៈកម្មការរៀបចំពិព័រណ៍ https://country.ciie.org/2021/Cambodia/index.html?lang=zh_CN ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។
សូមជម្រាបជូនថា ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានក្រុមហ៊ុនចូលរួមចំនួន ២៩០០ មកពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកចំនួន១៤៣ រួមទាំងកម្ពុជាផងដែរ។ ក្នុងនោះ មានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៥៨ បានរៀបចំសាងសង់ពន្លាជាតិចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ទំនិញដែលមានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះរួមមាន ផលិតផលម្ហូបអាហារនិងភេសជ្ជៈ ផលិតផលនិងសម្ភារៈកសិកម្ម យានយន្ត ឧបករណ៍បច្ចេកទេស ទំនិញប្រើប្រាស់ទូទៅ ឧបករណ៍វេជ្ជសាស្ត្រនិងឱសថ និងពាណិជ្ជកម្ម លើវិស័យសេវាកម្មជាច្រើនពាន់ប្រភេទ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣