ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការវិភាគថ្លៃដើមនៃផលិតកម្មជ្រូកនៅប្រទេសកម្ពុជា

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៦:៥០ នាទី ល្ងាច

👁 24

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការវិភាគថ្លៃដើមនៃផលិតកម្មជ្រូកនៅប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃិន ពិសី ទីប្រឹក្សានៃការស្រាវជ្រាវថ្លៃដើមនៃផលិតកម្មជ្រូក និងជានាយកក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សានព្វន្ត ព្រមទាំងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម ជាច្រើនរូបទៀត ក្នុងគោលបំណងស្វែងយល់ស៊ីជម្រៅអំពីផលិតកម្ម និងថ្លៃជ្រូកនៅកម្ពុជា ជាពិសេសកត្តាសំខាន់ៗដែលជះឥទ្ធិពលដល់ថ្លៃដើម និងបញ្ហាប្រឈម សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យផលិតកម្មជ្រូក កម្រិតជីវភាពប្រជាកសិករ និងឧត្តមភាពសេដ្ឋកិច្ច។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងវិស័យផលិតកម្មជ្រូកនៅកម្ពុជា ប្រៀបធៀបនឹងផលិតកម្មជ្រូកនៅប្រទេសជិតខាង និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីលើកស្នើជាវិធានការ បង្កើនភាពប្រកួតប្រជែងនៃផលិតកម្មជ្រូកនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា អង្គប្រជុំក៏បានពិភាក្សាលើការសិក្សាបឋមរបស់ជំនាញការ ដោយសង្កត់ធ្ងន់លើកត្តា សំខាន់ៗដូចជា ការវិភាគថ្លៃដើមផលិតកម្ម ថ្លៃដើមនៃការចិញ្ចឹមជ្រូក ថ្លៃកូនជ្រូក ថ្លៃចំណី ថ្លៃដឹកជញ្ជូន ព្រមទាំងអនុសាសន៍ និងគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យផលិតកម្មជ្រូក។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ជាលទ្ធផលអង្គប្រជុំបានឯកភាព ជូនជំនាញការកែសម្រួលរបាយការណ៍សិក្សានេះបន្ត ដោយពិនិត្យលទ្ធភាពបញ្ចូលព័ត៌មានបន្ថែម ក៏ដូចជាអនុសាសន៍ និងគោលនយោបាយជាក់លាក់ និងសមស្របសម្រាប់អនុវត្ត មុននឹងបញ្ជូនទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេចនៅពេលខាងមុខ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ