ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើឯកសារបឋមស្ដីពីយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១១:២២ នាទី ថ្ងៃត្រង់

👁 15

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីរបាយការណ៍បឋម ស្តីពីយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ  អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញតវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកក្រសួង-ស្ថាប័នពាក់ព័ន្ធមកពី៖ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរ៉ែ និងថាមពល ក្រសួងធនធនទឹក និងឧត្តុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិនៃកម្ពុជា និងធនាគារសហគ្រាសធុនតូច និងមធ្យ។

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនថា ឯកសារយុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមចតុកោណទី២ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច” នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងគោលបំណងសិក្សា និងត្រួតពិនិត្យលើក្របខ័ណ្ឌពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសមានគោលដៅជ្រើសរើសទំនិញនាំចេញសក្ដានុពល ដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ ដោយផ្ដោតលើពាណិជ្ជកម្មផ្នែកទំនិញ ឯពាណិជ្ជកម្មផ្នែកសេវាកម្ម និងវិនិយោគ ក្រុមការងារនឹងពិនិត្យលទ្ធភាពសិក្សាក្នុងពេលវេលាសមស្រប។ ក្នុងន័យនេះ ការសិក្សានឹងបង្ហាញថា តើកម្ពុជាអាចនាំចេញទំនិញអ្វីបានខ្លះ? តើចំណេញ ឬបាត់ប្រយោជន៍អ្វីខ្លះ? ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ឯកឧត្ដមរដ្ឋមន្ត្រី បានបង្ហាញចំណុចសំខាន់នៃឯកសារ មានដូចជា៖ ក. ការកំណត់មុខទំនិញជាបីប្រភេទ (ទំនិញថ្មី, ទំនិញកំពុងលូតលាស់ និងទំនិញមានភាពចាស់ទុំ), ខ. ការវិភាគស្ថានភាពទីផ្សារ, ស្ថានភាពផ្គត់ផ្គង់ក្នុងប្រទេស និងក្របខណ្ឌគោលនយោបាយ ដោយប្រើប្រាស់វិធីសាស្ត្រ SWOT, គ. ការវិភាគមុខទំនិញសក្ដានុពល ដោយបង្ហាញអំពីតួលេខ ពាណិជ្ជកម្ម, អត្រាពន្ធគយ, របាំងមិនមែនពន្ធ, តម្រូវការទីផ្សារ, ផលិតកម្ម និងការនាំចេញពីកម្ពុជា, វិភាគ SWOT, និងអនុសាសន៍, ឃ. ការជ្រើសរើសទំនិញសក្ដានុពលរបស់កម្ពុជា, ង. ការជ្រើសរើសទំនិញដែលត្រូវជំរុញការផលិត និងជំរុញការនាំចេញ ទំនិញទាំងនោះរួមមាន៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់  និងម្រេច, ច. សេចក្ដីសន្និដ្ឋាន និង ឆ. សំណូមពរ។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផល នៃការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដោយបានរំលេចនូវអត្ថប្រយោជន៍ទាំងឡាយ ដែលកម្ពុជានឹងទទួលបានពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានប្រមូលធាតុចូលបន្ថែមទៀត ពីឯកឧត្តមថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមក្នុងអង្គប្រជុំ ដែលមានសមាសភាពដូចជា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមរដ្ឋលេខាធិការតំណាងទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋលេខាធិការតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ឯកឧត្តមតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដើម។  

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរដល់ក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំឯកសារដ៏មានសារៈសំខាន់នេះឡើង ដើម្បីរួមចំណែកក្នុងការផ្ដល់ផលប្រយោជន៍ជាច្រើនដល់សង្គមជាតិ និងបានផ្តល់ជាអនុសាសន៍ណែនាំជូនអង្គប្រជុំថា៖ បច្ចុប្បន្នកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ ដែលកម្ពុជាបានចុះហត្ថលេខាជាលក្ខណៈរួម ដូចនេះយើងគួររៀបចំក្របក្របខ័ណ្ឌយុទ្ធសាស្ត្ររួមក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បន្ទាប់មកយើងត្រូវរៀបចំផែនការយុទ្ធសាស្រ្តដើម្បីសម្រួចទិសដៅការសិក្សាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ ដោយផ្ដោតយកប្រទេសចិនជាមូលដ្ឋាននៃការសិក្សាជារួម។ បន្ថែមពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានឯកភាពឱ្យរៀបចំបង្កើតក្រុមការងារអន្តរក្រសួងនៅក្រោមគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីតាមដាន និងជំរុញការអនុវត្តផែនការសកម្មភាព យុទ្ធសាស្រ្ត និងគោលនយោបាយរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយក្រុមការងារអន្តរក្រសួងនេះ ដឹកនាំ និងសម្របសម្រួលដោយក្រសួងពាណិជ្ជកម្ម។

ជាកិច្ចបញ្ចប់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំ បានធ្វើការបូកសរុប ដោយស្នើឲ្យក្រុមការងារកែសម្រួលឯកសារយុទ្ធសាស្ត្រនេះឲ្យទៅជាឯកសារយុទ្ធសាស្ត្ររួម ដោយបញ្ចូលវិស័យវិនិយោគ ព្រោះពាណិជ្ជកម្មទំនិញ និងវិនិយោគ មានភាពប្រទាក់ក្រឡាគ្នា ហើយជាមួយគ្នានោះរៀបចំផែនការយុទ្ធសាស្ត្រមុតស្រួច ដោយផ្ដោតលើទំនិញសក្ដានុពលមួយចំនួន សម្រាប់ទីផ្សារគោលដៅជាក់លាក់ ដូចជា ទីផ្សារប្រទេសចិន និងទីផ្សារប្រទេសកូរ៉េ ជាដើម៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ