ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ តាមប្រព័ន្ធវីដេអូ

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៦:១៧ នាទី ល្ងាច

👁 17

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំ បានថ្លែងកោតសរសើរចំពោះក្រុមការងារនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដែលបានរៀបចំព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ យ៉ាងល្អប្រសើរ និងបានបើកឱ្យក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ធ្វើបទបង្ហាញជូនអង្គប្រជុំ ព្រមទាំងបានបើកការពិភាក្សា និងផ្ដល់ឱ្យស្ថាប័នពាក់ព័ន្ធផ្ដល់មតិយោបល់ ដើម្បីប្រមូលធាតុចូលបន្ថែម។

ក្នងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា សេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបានគ្រប់ដណ្តប់លើចំណុចសំខាន់ៗ ដែលមាននៅក្នុងឯកសារក្របខ័ណ្ឌផែនការ ផែនទីចង្អុលផ្លូវ និងកិច្ចព្រមព្រៀងរបស់អាស៊ានទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល នៅក្នុងក្របខ័ណ្ឌអាស៊ាន និងពិភពលោករួចហើយ។ ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ ដែលបានប្រារព្វធ្វើកាលពីថ្ងៃទី២៦ ដល់ ២៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលរបស់អាស៊ានក៏បានផ្តល់គោលការណ៍ឱ្យរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌរបស់អាស៊ានស្តីពីសេដ្ឋកិច្ចឌីជីថលសម្រាប់ឆ្នាំ២០២៥ និងបានជំរុញឱ្យរដ្ឋសមាជិកទាំងអស់ខិតខំរៀបចំ និងអនុវត្តកិច្ចព្រមព្រៀង និងផែនទីចង្អុលផ្លូវនានារបស់អាស៊ាន ជាពិសេស គឺផែនការមេឌីជីថលរបស់អាស៊ានសម្រាប់ឆ្នាំ២០២៥ និងផែនទីចង្អុលផ្លូវក្រុងបែនដាស៊េរីបេហ្គាវាន់ ស្តីពីរបៀបវារៈនៃការផ្លាស់ប្តូរឌីជីថល សម្រាប់បង្កើនល្បឿនការស្តារសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន។ ការច្របាច់បញ្ជូលគ្នានូវឯកសារគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ របស់កម្ពុជា ជាមួយនឹងឯកសាររបស់អាស៊ាន គឺជាដំណើរស្របគ្នាដ៏ល្អមួយ, ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ដើម្បីចូលរួមអភិវឌ្ឍគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ក្រសួងពាណិជ្ជកម្មបានចូលរួមផ្តល់ធាតុចូលក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយនេះ និងចាត់តាំងឱ្យមានជនបង្គោលលើវិស័យជំរុញបច្ចេកវិទ្យា ព្រមទាំងកំពុងរៀបចំមជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មី និងធ្វើកំណែទម្រង់នាយកដ្ឋានទទួលបន្ទុកដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់នៃការផ្លាស់ប្តូរឌីជីថលទាក់ទងនឹងពាណិជ្ជកម្ម។ លើសពីនេះក្រសួងទើបទទួលបានការអនុម័តដាក់ឱ្យអនុវត្តនូវច្បាប់សំខាន់ៗមួយចំនួនទៀត បន្ថែមលើច្បាប់ស្តីពីសិទ្ធិថតចម្លង ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ ។ល។ ដែលច្បាប់ថ្មីៗទាំងនោះ រួមមាន៖ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង អនុក្រឹត្យស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលច្បាប់ និងយុទ្ធសាស្រ្តទាំងនេះ បានបង្កើតប្រព័ន្ធអេកូឡូហ្ស៊ីគាំទ្រដល់ធុរកិច្ចឌីជីថល ធានាដល់ការប្រកួតប្រជែងដោយស្មើភាព និងជួយការពារដល់អ្នកប្រើប្រាស់នានាតាមប្រព័ន្ធអេឡិចត្រូនិក លើវិស័យដូចជា៖ (១) លើកកម្ពស់បរិយាកាសធុរកិច្ច ក្របខ័ណ្ឌបទប្បញ្ញត្តិ និងការសម្របសម្រួលរវាងស្ថាប័ន, (២) បង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងបង្កើនការសម្របសម្រួលនៅក្នុងខ្សែច្រវាក់តម្លៃ, (៣) កសាងសមត្ថភាពមន្ត្រី សហគ្រាស និងអ្នកប្រប្រាស់ប្រព័ន្ធអេឡិចត្រូនិក, (៤) លើកកម្ពស់ការបញ្ជូនទំនិញ ការរៀបចំឡូជីស្ទិកក្នុងស្រុក និងឆ្លងកាត់ព្រំដែន, (៥) ពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ការទទួលបានហិរញ្ញប្បទាន ដោយបរិយាប័ន្ន និងអក្ខរកម្មឌីជីថល, និង(៦) អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ជំនាញដែលមានភាពឆ្លើយតបសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ដែលកត្តាទាំងនេះ នឹងជួយបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់ឯកសារជាប្រភេទអេឡិចត្រូនិក ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងការការពារទិន្នន័យនៅក្នុងប្រព័ន្ធឌីជីថលផងដែរ។

ទាក់ទងនឹងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ នេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើការកសាងច្បាប់ជាអាទិភាពក្នុងក្របខណ្ឌគតិយុត្ត រួមមាន៖ ច្បាប់ស្តីពីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា, ច្បាប់ស្តីពីសន្តិសុខ និងឧក្រឹដ្ឋកម្មព័ត៌មាន, ច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធកំព្យូទ័រ និងច្បាប់ស្តីពីការគ្រប់គ្រងទិន្នន័យ។ ដែលច្បាប់ទាំងអស់នេះ កំពុងតែត្រូវការជាចាំចាច់សម្រាប់ប្រតិបត្តិការក្នុងសង្គម និងសេដ្ឋកិច្ចឌីជីថលផង និងសម្រាប់ជាមូលដ្ឋានក្នុងការចចារការពារផលប្រយោជន៍របស់កម្ពុជាក្នុងកម្រិតតំបន់ និងពិភពលោកផង។

ជាកិច្ចបញ្ចប់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំបានធ្វើការបូកសរុប និងផ្ដល់អនុសាសន៍ណែនាំ ដោយស្នើឲ្យក្រុមការងារកែសម្រួលសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ នេះ ទៅតាមលទ្ធផលនៃការពិភាក្សា៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ