ក្រសួងពាណិជ្ជកម្មសហការជាមួយអង្គការ ARISE Plus Cambodia រៀបចំសិក្ខាសាលា ដើម្បីប្រមូលធាតុចូលលើការសិក្សាស្តីពីសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមប្រព័ន្ធវីឌីអូ

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៦:០០ នាទី ល្ងាច

👁 9

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារអន្តរក្រសួង និងក្រុមការងារ ARISE Plus Cambodia រៀបចំសិក្ខាសាលា ដើម្បីប្រមូលធាតុចូលលើការសិក្សាស្តីពីសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Potential Study) តាមរយៈប្រព័ន្ធវីឌីអូ ដែលមានការចូលរួមពីសមាជិកគណៈកម្មការតម្រង់ទិសគម្រោង ARISE Plus Cambodia តំណាងសហភាពអឺរ៉ុបនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និងវិស័យឯកជនជាច្រើនរូប ក្នុងគោលបំណងពន្យល់ពីដំណើរការ និងវិធីសាស្ត្រសម្រាប់ការសិក្សាស្រាវជ្រាវ ព្រមទាំងផ្តល់វេទិកាសម្រាប់ការពិភាក្សាផ្តល់មតិយោបល់ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសលើការកំណត់លក្ខខណ្ឌជ្រើសរើសដៃគូពាណិជ្ជកម្មសក្តានុពលរបស់កម្ពុជាសម្រាប់បន្តចចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបើកច្រកទីផ្សារនាំចេញឱ្យកាន់តែធំជាងមុន។

នៅក្នុងកិច្ចពិភាក្សានោះ រដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះក្រុមអ្នកជំនាញការរបស់ ARISE Plus Cambodia និងសមាជិកគណៈកម្មការតម្រង់ទិសគម្រោងមកពីអន្តរក្រសួងទាំងអស់ ចំពោះការគាំទ្រ និងកិច្ចសហការក្នុងការរៀបចំការសិក្សាស្រាវជ្រាវនេះ ព្រមទាំងបានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមពិនិត្យផ្តល់យោបល់ដើម្បីឲ្យការសិក្សានេះមានលក្ខណៈលម្អិត និងគ្រប់ជ្រុងជ្រោយ ដោយមានការវិភាគពីគ្រប់កត្តាពាក់ព័ន្ធ ព្រោះថាការសិក្សាស្តីពីសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Potential Study)នេះ នឹងផ្តល់សារៈសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការកំណត់បញ្ជីនៃដៃគូពាណិជ្ជកម្មសក្តានុពលរបស់កម្ពុជាសម្រាប់ធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងអភិវឌ្ឍន៍ធនធានមនុស្សលើការងារចរចា និងស្រាវជ្រាវពាណិជ្ជកម្ម សម្រាប់ជូនរាជររដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយឱ្យបានច្បាស់លាស់។

បន្ទាប់ពីបានស្តាប់បទបង្ហាញដោយក្រុមការងារស្រាវជ្រាវ នៃគម្រោង ARISE Plus Cambodia រួចមកអង្គសិក្ខាសាលាក៏បានប្រមូលធាតុចូល និងឯកភាពលើសេចក្តីព្រាងឯកសារទស្សនទានសម្រាប់ជាវិធីសាស្រ្តស្រាវជ្រាវនិងឧបករណ៍សម្រាប់វិភាគទិន្នន័យ។ សិក្ខាសាលនេះ ទទួលបានជោគជ័យជាផ្លែផ្ការដោយបានការចូលរួមផ្តល់មតិដ៏មានខ្លឹមសារពីអន្តរក្រសួងស្ថាប័នសំខាន់ៗ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមយ៉ាងសកម្មពីអ្នកចូលរួមទាំងអស់ ផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ