ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៩:៤៨ នាទី ព្រឹក
👁 26
(ភ្នំពេញ) កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការយល់ដឹងពីស្តង់ដារអនាម័យ ភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកបណ្ឌិត នី វុទ្ធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម លោក ម៉ៅ ធីរ៉ា ប្រធាននាយកដ្ឋានបញ្ញត្តកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក លី លុច ប្រធានការិយាល័យទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងសិក្ខាកាមដែលជាមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង២៥ និងបុគ្គលិកក្រុមហ៊ុនឯកជនសរុបចំនួន១០០នាក់។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាល លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការយល់ដឹងពីស្តង់ដារអនាម័យ ភូត្តគាមអនាម័យ និងស្តង់ដារបច្ចេកទេសពាណិជ្ជកម្ម ព្រោះវាជាចលករសំខាន់សម្រាប់ចូលរួមលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជាខ្លាំង ជាក់ស្តែងក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ ក្នុងជំពូកទី៧ ក៏បានលើកឡើងពីស្តង់ដារអនាម័យ និងភូត្តគាមអនាម័យនេះផងដែរ។ ចំពោះការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបើកច្រកទីផ្សារថ្មី ក្រសួងពាណិជ្ជកម្ម បានខិតខំចរចាទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្តមួយចំនួន រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។
លោកជំទាវរដ្ឋលេខាធិការបន្តថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) ទំនិញកសិកម្មកម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន ក្នុងអត្រាពន្ធសូន្យភ្លាមស្មើនឹង ៩៧.៤៤% នៃបន្ទាត់ពន្ធគយសរុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ភាគីកូរ៉េផ្តល់ទីផ្សារឱ្យមកកម្ពុជាមានចំនួន ៩៥,០៣% ដែលក្នុងនោះភាគីកូរ៉េត្រូវលុបបំបាត់ពន្ធគយ (០%) ចំនួន ៩២.៣៧% ភ្លាមនៅពេលកិច្ចព្រមព្រៀងចូលជាធរមាន មានន័យថាការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកាន់តែសេរីឡើងៗ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើការត្រួតពិនិត្យស្តង់ដារអនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនូវសមាសភាពចង្រៃ ភូតគាមអនាម័យ និងសមាសភាពចង្រៃបង្កគ្រោះថ្នាក់ពីតំបន់មួយទៅតំបន់មួយទៀតទូទាំងប្រទេស ព្រមទាំងការនាំចេញនាំចូលឆ្លងកាត់ប្រទេសកម្ពុជាតាមគ្រប់មធ្យោបាយ ដើម្បីការពារផលិតផលកសិកម្ម និងជីវៈចំរុះ។ កត្តាទាំងនេះ ទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការធ្វើទំនើបកម្មកសិកម្ម ជាពិសេសការលើកកម្ពស់ ស្តង់ដារអនាម័យ ភូតគាមអនាម័យ អនុលោមភាពបទបញាត្តិបច្ចេកទេស ការអនុវត្ត GAP (Good Agriculture Practice), GMP (Good Manufacturing Practice), ISO, HACCP ជាដើម ឱ្យស្របតាមស្តង់ដារ បទដ្ឋានអន្តរជាតិ ដើម្បីការពារសុខភាព មនុស្ស សត្វ រុក្ខាជាតិ និងអាចធ្វើការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានថ្លែងអំណរគុណចំពោះ វាគ្មិនដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងចែករំលែកនូវប្រធានបទដែលមាននៅក្នុងរបៀបវារៈរៀងៗខ្លួនផងដែរ។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ កត់ត្រាចំណុចសំខាន់ៗនៃ មេរៀន និង អាចលើកជាសំនួរផ្សេងៗ ដើម្បីយកជាពុទ្ធិសម្រាប់ពង្រីកចំណេះដឹង ព្រមទាំងអាចចែករំលែកចំណេះដឹងដែលបានរៀនក្នុងសិក្ខាសាលានេះ ដល់សហការីរបស់ខ្លួន និងអាចយកទៅអនុវត្តលើការងារដែលខ្លួនជួបប្រទះប្រចាំថ្ងៃផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣