លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការស្វែងយល់ពីនិន្នាការ និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា” តាមប្រព័ន្ធវីដេអូ

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១១:៤៩ នាទី ថ្ងៃត្រង់

👁 15

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការស្វែងយល់ពីនិន្នាការ និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា (Discover Cambodia Business Trends and Opportunities) តាមប្រព័ន្ធវីដេអូ ដែលបានរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ថាស៊ីឡូ ប្រ៊ីនស័រ (Tassilo Brinzer) ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា វាគ្មិនចូលរួមធ្វើបទបង្ហាញពីស្ថាប័នពាក់ព័ន្ធ និងសិក្ខាកាមប្រមាណ១០០ នាក់។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ការគាំទ្របច្ចេកទេស ការរៀបចំព្រឹត្តការណ៍ជំរុញពាណិជ្ជកម្ម ព្រមទាំងការបោះពុម្ពផ្សាយ ឯកសារអេឡិចត្រូនិក ស្តីពី “e-Sourcing from Cambodia” និង “e-Business Opportunities in Cambodia”។

បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់ការគាំទ្រចំពោះការបោះពុម្ពផ្សាយនេះ ដែលនឹងគូសបញ្ជាក់ពីព្រឹត្តការណ៍សំខាន់ៗ ដែលគ្រោងនឹងរៀបចំនៅកម្ពុជា ជាពិសេស វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (AEEBF1) ដែលនឹងរៀបចំដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មនៅកម្ពុជា និងស្ថាប័នដៃគូទូទាំងតំបន់អាស៊ី និងអឺរ៉ុប នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយអនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ការសម្របទៅនឹងបដិវត្តឧស្សាហកម្ម៤.០ និងគន្លងប្រក្រតីភាពថ្មីដែលបណ្តាលមកពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ព្រមទាំងការអនុម័តយន្តការចាំបាច់នានា ច្បាប់ និងបទបញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ មានដូចជា៖ ច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីការប្រកួតប្រជែង ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ២០២១-២០២៣ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយស្តីពីផលិតផលកសិកម្មមួយចំនួនដែលមានសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជា។

លោកជំទាវរដ្ឋលេខាធិការបន្តថា ស្របតាមឱកាសដែលកម្ពុជានឹងធ្វើជាប្រធានអាស៊ាន និងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម មានសុទិដ្ឋិនិយមចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការពន្លឿនសមាហរណកម្មតំបន់ និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ វិស័យឯកជន មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម បានដើរតួយ៉ាងសំខាន់ និងជាកត្តាលីករជួយជំរុញការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយពីជម្ងឺកូវីដ-១៩ កំណើនប្រកបដោយចីរភាពនិងបរិយាប័ន្ន និងការឈានដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាឆ្នាំ២០៣០ និង២០៥០។

នៅក្នុងរៀបវារៈនៃ Webinar នោះផងដែរ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការ ក៏បានចូលរួមធ្វើបទបង្ហាញខ្លីស្តី អំពីការត្រៀមរៀបចំ”វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១” ក្រោមប្រធានបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០”។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ដែលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះឡើង និងវាគ្មិនដែលបានអញ្ជើញចូលរួមធ្វើបទបង្ហាញ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួម៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ