ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង ០៦:១៥ នាទី ល្ងាច
👁 27
(ភ្នំពេញ)៖ នារសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធការដាក់តាំងបង្ហាញទំនិញថ្មី ទំនិញជប៉ុន ក្រោមប្រធានបទ “ទំនិញល្អ ទំនិញជប៉ុន ២០២១ (Good Goods Japan 2021)” ដែលបានរៀបចំឡើងក្នុងអគារប្រណិត Vattanac Capital Tower រាជធានីភ្នំពេញ ដោយអង្គការ JETRO ជប៉ុនចាប់ពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២១។ ពិធីនេះមានការចូលរួមពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មន្រ្តីរាជការនៃក្រសួងពាក់ព័ន្ធ សហគ្រិន ពាណិជ្ជករកម្ពុជា និងពាណិជ្ជករ ផលិតករជប៉ុនប្រមាណ៧០នាក់។
ថ្លែងក្នុងឱកាសបើកសម្ពោធនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះអង្គការ JETRO ជប៉ុន ដែលបានផ្តួចផ្តើមរៀបចំឲ្យមានកម្មវិធីផ្គូរផ្គងពាណិជ្ជកម្មនេះឡើង ដើម្បីបើកច្រកទីផ្សារសម្រាប់ទំនិញជប៉ុនបានជ្រៀតចូលទីផ្សារកម្ពុជា ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ក្តី។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះនឹងផ្តល់ឱកាសដល់ពាណិជ្ជករកម្ពុជា ដែលមានបំណងធ្វើធុរកិច្ចជាមួយពាណិជ្ជករជប៉ុន បានឃើញមុខទំនិញច្រើនប្រភេទ និងបានជួបចរចារដោយផ្ទាល់បង្កើតជាវេទិកាពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ២,០១០ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនក្នុងចំនួនទឹកប្រាក់ប្រមាណ ១,១៣១ លានដុល្លារ និងនាំចូល មកវិញក្នុងចំនួនទឹកប្រាក់ប្រមាណ ជាង ៨៧៩ លានដុល្លារ។ គិតត្រឹម ៦ ខែដើមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាន ប្រមាណ ៨៤១ លានដុល្លារ។ ទំនិញដែលកម្ពុជានាំចេញទៅជប៉ុនមានដូចជា ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ ស្បែកនិងផលិតផលធ្វើអំពីស្បែក និងដែក ។ល។ ទំនិញដែលនាំចូលពីជប៉ុនរួមមាន៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់ គ្រឿងអេឡិចត្រូនិច សង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលផ្លាស្ទីក សម្ភារៈកីឡា និងគ្រឿងបន្ទាប់បន្សំ ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនកើតឡើងតាំងពីឆ្នាំ១៩៥៣ មកម្ល៉េះ រហូតមកដល់ ឆ្នាំ២០១៣ កន្លងទៅ កម្ពុជា និងជប៉ុនបានក្លាយជាដៃគូយុទ្ធសាស្រ្តនិងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយគ្នា ហើយជប៉ុនបានជួយជ្រោមជ្រែងអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមរយៈការស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បណ្តុះបណ្តាលធនធានមនុស្ស ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញវិស័យទេសចរណ៍ និងវិនិយោគជាដើម។ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងអាស៊ាន និង ជប៉ុន ជប៉ុនបានរៀបចំគម្រោងអភិវឌ្ឍសេដ្ឋកិច្ចចំនួន ៨៧ គម្រោង ក្នុងនោះ ៥៨ គម្រោង សម្រាប់ជួយដល់ប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម លើវិស័យកសិកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ធានាគុណភាពទំនិញ ជំរុញវិនិយោគ កសាងបរិយាកាស អាជីវកម្ម បរិស្ថាន កសាងសមត្ថភាពមន្រ្តីរាជការ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរបស់ប្រទេសក្រីក្រ។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ គម្រោងវិនិយោគរបស់ជប៉ុន នៅកម្ពុជា មានចំនួន១៣៧ គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,៤៨៦ លានដុល្លារ។ ក្នុងឆ្នាំ២០១៩ វិនិយោគ មាន ៦ គម្រោង ដែលមានទឹកប្រាក់ចំនួន ២៩៩ លានដុល្លារ ក្នុងនេះ គម្រោងសាងសង់ផ្សារ AEON Mall 3 មាន ទុនវិនិយោគ រហូតដល់ ២៨៩.៦លានដុល្លារ ហើយក្នុងឆ្នាំ២០២០ មាន ១ គម្រោង ដែលមានទឹកប្រាក់ចំនួន ៧.១៧លានដុល្លារ ភាគច្រើន គឺវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាវិត នាងកុក ប៉ោយប៉ែត និងក្នុង តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣