ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ផ្តួចផ្តើមអង្គកឋិនទានវេរប្រគេនព្រះសង្ឃ គង់នៅវត្តក្រឡោង និងវត្តគិរីជោតនារាម ហៅវត្តទួលត្រង ស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៤:៣០ នាទី រសៀល

👁 25

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(កំពង់ចាម)៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឃឹម សិរីវង្ស និងឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មានសទ្ធាជ្រះថ្លា បានមូលមតិគ្នាជាឯកច្ឆន ផ្តួចផ្តើមប្រារព្ធអង្គកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលផ្នែកពុទ្ធចក្រ និងជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា នៅវត្តក្រឡោង និងវត្តគិរីជោតនារាម ហៅវត្តទួលត្រង ដែលស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម ឃឹម សិរីវង្ស បានដឹកនាំអង្គកឋិនទានទៅកាន់វត្តក្រឡោង ដែលស្ថិតនៅភូមិក្រឡោង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និង ឯកឧត្តម ប៉ាវ ហេងតារា បានដឹកនាំអង្គកឋិនទានទៅកាន់វត្តគិរីជោតនារាម (ហៅវត្តទួលត្រង) ដែលស្ថិតភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

ជាមួយគ្នានេះ ក៏មានការវេរប្រគេនព្រះសង្ឃ នូវបច្ច័យដែលប្រមូលបានពីការចូលរួមដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម ជូនវត្តទាំងពីរខាងលើ សម្រាប់កសាងសមិទ្ធផលក្នុងវត្តជាបន្តទៀត។

សូមបញ្ជាក់ថា កឋិនទានគឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើឡើង បន្ទាប់ពីចេញវស្សា។ បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ ហើយបើទីអារាមណា មិនមានអង្គកឋិន ហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ចំណែកអ្នកផ្ដើមបុណ្យ ត្រូវរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រ ដើម្បីហែរទៅទីអារាមដែលបានកំណត់៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ