ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៦:០៥ នាទី ល្ងាច
👁 10
(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដាលើកទី១០ តាមប្រព័ន្ធវីដេអូ ( 10th AEM-Canada Consultations, Virtually)។ កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តមបណ្ឌិត Awang Haji Mohd Amin Liew Bin Abdullah រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទី២នៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចព្រុយណេ និងមានការចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ តំណាងក្រុមប្រឹក្សាធុរកិច្ចកាអាស៊ាន-ណាដា ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា កិច្ចប្រជុំក្នុងនេះបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ (១) ការកត់សម្គាល់លើអនុសាសន៍ដែលលើកឡើងដោយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដើម្បីបន្តសហការជំរុញវិស័យធុរកិច្ច និងវិនិយោគ រវាងអាស៊ាន និងកាណាដា ឱ្យឈានដល់ការរីកចម្រើនមួយកម្រិតថែមទៀត (២) ការផ្លាស់ប្តូទស្សនៈអំពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការកាត់បន្ថយផលប៉ះពាល់ ដោយភាគីទាំងអស់បានខិតខំប្រឹងប្រែងក្នុងការរៀបចំវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងដោះស្រាយរាល់ការរំខាននានាចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងសម្រួលដល់លំហូរទំនិញចាំបាច់ឆ្លងកាត់ព្រំដែន, ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់អង្គប្រជុំអំពី វឌ្ឍនភាពចុងក្រោយនៃយុទ្ធនាការការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់កម្ពុជា និងបានបញ្ជាក់ពីការលើកលែងនូវលក្ខខណ្ឌតម្រូវក្នុងការធ្វើចត្តាឡីស័កសម្រាប់ជនគ្រប់រូប ដែលមានបំណងធ្វើដំណើរចូលមកប្រទេសកម្ពុជា ហើយបានចាក់វ៉ាក់សាំងគ្រប់ចំនួន(២ដូស) និងបានធ្វើតេស្តរហ័សជាមួយនឹងលទ្ធផលអវិជ្ជមាន។ (៣) ការកត់សម្គាល់អំពី វឌ្ឍនភាពនៃការអនុវត្តផែនការការងារឆ្នាំ ២០២១-២០២៥ នៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-កាណាដាស្តីពីពាណិជ្ជកម្ម និងការវិនិយោគ ក្នុងនោះភាគីទាំងអស់ត្រូវបន្តអនុវត្តសកម្មភាពដែលនៅសេសសល់ ដែលនឹងជួយជំរុញដល់ការស្តារឡើងវិញសេដ្ឋកិច្ច (៤) ការកត់សម្គាល់លើ ស្ថានភាពនៃគម្រោងកសាងសមត្ថភាពក្រោមយន្តការដាក់ពង្រាយអ្នកជំនាញសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ (EDM) និងកិច្ចសន្ទនាគោលនយោបាយពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា កិច្ចប្រជុំបានសម្រេចអនុម័តលើឯកសារយោងសម្រាប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងបានប្រកាសជាផ្លូវការដើម្បីចាប់ផ្តើមការចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ព្រមទាំងបានផ្តល់អនុសាសន៍អំពីជំហានបន្ទាប់ រួមមាន៖ ការរៀបចំសមាសភាពក្រុមការងារចរចា ផែនការការងារ និងនីតិវិធីពាក់ព័ន្ធ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣