ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១២:៤៧ នាទី ថ្ងៃត្រង់
👁 15
(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក និងប្រគល់ពានរង្វាន់ក្នុងកម្មវិធីប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (Corporate Social Responsibility - CSR) ឆ្នាំ២០២១ ដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក ថាស៊ីឡូ ប្រ៊ីនស័រ (Tassilo Brinzer) ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សហគ្រិន ធុរជន និងវិនិយោគិនជាច្រើនរូបផងដែរ។
ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលខុសត្រូវផ្នែកសង្គមរបស់សាជីវកម្ម ពីសំណាក់សហគ្រិនវ័យក្មេង ធុរជន មីក្រូសហគ្រាស សហគ្រាសខ្នាតមធ្យម វិនិយោគិន និងបណ្តាអ្នកពាក់ព័ន្ធនៅក្នុងសង្គមកម្ពុជា ដែលកត្តានេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងសង្គមកម្ពុជា ប្រកបដោយទំនួលខុសត្រូវ និរន្តភាព និងបរិយាប័ន្ន។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចការគាំទ្រ និងលើកកម្ពស់ CSR នៅក្នុងសង្គមធុរកិច្ចនៅកម្ពុជា ជាក់ស្ដែងក្រសួងពាណិជ្ជកម្មបានសម្រេចនូវសមិទ្ធិផលបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើន ក្នុងពេលថ្មីៗនេះ រួមមាន៖ ការផ្តល់សច្ចាប័នលើច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិថ្មីៗដ៏ទៃទៀតពាក់ព័ន្ធនឹងយន្តការគាំទ្រដល់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម CSR។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យមានអ្នកចូលរួមបន្ថែមទៀតពីសំណាក់ សហគ្រិនជាតិ និងអន្តរជាតិ ក្នុងកិច្ចការ CSR ក៏ដូចជាការចូលរួមសហការពីដៃគូអភិវឌ្ឍន៍នានា ឱ្យបានច្រើនថែមមួយកម្រិតទៀត។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរដល់គ្រប់ជ័យលាភីទាំងអស់ ដែលទទួលបានពានរង្វាន់ សម្រាប់ក្នុងគ្រប់ផ្នែក ហើយបានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អ្នកចូលរួមគ្រប់រូប ដែលបានញាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងមោទនភាព៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣