ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៤:៤៨ នាទី យប់
👁 13
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាព និងដំណើរការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ខាងលើ ដោយក្នុងនោះ គណៈកម្មការទី៩ សហការជាមួយគណៈកម្មការទី៥ បានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកជំទាវប្រធានគណៈកម្មការទី៩ បានគូសបញ្ជាក់ថា ការស្នើសុំអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ បានបំពេញត្រឹមត្រូវតាមបទបញ្ញត្តិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងសូមដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីអនុម័ត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការគាំទ្រចំពោះរបាយការណ៍របស់លោកជំទាវប្រធានគណៈកម្មការទី៩ និងបានគោរពរាយការណ៍បន្ថែមជូនអង្គប្រជុំ អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ដែលព្រះរាជាណាចក្រកម្ពុជានឹងទទួលបានពីសេចក្តីព្រាងច្បាប់នេះ ដែលក្នុងនោះរួមមាន ការទទួលបាននីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួច និងការបង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីរួមចំណែកដ៏សំខាន់ដល់ការពង្រឹងយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌអាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនផងដែរថា រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជម្ម ជាសេនាធិការ តែងតែខិតខំប្រឹងប្រែងអនុវត្តនូវគោលនយោបាយ និងអាណ្ណត្តិប្រគល់ជូនដោយរាជរដ្ឋាភិបាល ជាពិសេសប្តេជ្ញាខិតខំប្រឹងប្រឹងកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្ម និងសហការជាមួយអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏ដូចជាវិស័យឯកជន សំដៅធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
អង្គប្រជុំបានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្ម និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការខិតខំធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការអនុវត្តកាតព្វកិច្ចនានាក្រោមក្របខ័ណ្ឌតំបន់ និងសកល ស្របតាមអាណ្ណត្តិផ្តល់ជូនដោយប្រមុខរាជរដ្ឋាភិបាល។
ជាលទ្ធផល ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចមក សម័យប្រជុំពេញអង្គរដ្ឋសភាបានអនុម័តយល់ព្រមទាំងស្រុងដោយមិនមានការកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ដោយមានសម្លេងគាំទ្រ ១០៤ សម្លេង។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំទាំងមូល ដែលបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ហើយសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះ នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជាពិសេសបង្ហាញពីការប្តេជ្ញាចិត្ត និងតួនាទីរបស់កម្ពុជា ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសហគមន៍អាស៊ានផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣