ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានរាយការណ៍អំពីលទ្ធផល នៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ ជូនដល់កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣

ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៨:០៣ នាទី យប់

👁 27

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព រាជធានីភ្នំពេញ, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយវត្តមានថ្នាក់ដឹកនាំកំពូលជាប្រមុខរដ្ឋនៃបណ្តាប្រទេសមកពីអាស៊ី-អឺរ៉ុបសំខាន់ៗជាច្រើនរូប នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការរាយការណ៍អំពីលទ្ធផលសង្ខេបនៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ ដែលក្រសួងពាណិជ្ជកម្មបានសហការរៀបចំឡើងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ ត្រូវបានរៀបចំឡើង ក្រោមមូលបទ “ការផ្លាស់ ប្តូរ ទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និង បដិវត្តន៍ ឧស្សាហកម្មទី៤”  ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃភាពជាដៃគូអាស៊ី-អឺរ៉ុប និងកិច្ចសហប្រតិបត្តិការសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមថ្នាក់តំបន់និងសកល ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩។ បន្ថែមពីនេះ វេទិកានេះក៏បានពិភាក្សាលើបញ្ហាសំខាន់ដែលមានភាពប្រទាក់ក្រឡាគ្នា រួមមានប្រព័ន្ធពហុភាគីនិយមរបស់អង្គការពាណិជ្ជកម្មពិភពលោក អនុភាវូនីកម្មភាពជាដៃគូអាស៊ី-អឺរ៉ុបសម្រាប់ខ្សែច្រវាក់តម្លៃសកល ការសម្របខ្លួនទៅនឹងបដិវត្តឧស្សាហកម្ម៤.០ សហគ្រិនភាពសម្រាប់យុវជននិងស្រ្តី និងការទូតសេដ្ឋកិច្ចរវាងអាស៊ី-អឺរ៉ុប សំដៅឈានទៅរកកំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពសម្រាប់តំបន់ទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ដថា ប្រទេសមកពីអាស៊ី-អឺរ៉ុបបានកត់សម្គាល់នូវតួនាទីនៃពហុភាគីនិយម ផ្សាភ្ជាប់នឹងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី-ពហុភាគី ដែលជាកត្តាគន្លឹះក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកំណើន។ កម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី បាននិងកំពុងខិតខំប្រែក្លាយខ្លួន ឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពលនៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីតំបន់អឺរ៉ុប ។

នៅកិច្ចបញ្ចប់នៃរបាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាពិតជាមានកិត្តិយសយ៉ាងក្រៃលែងក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាដ៏មានសារៈសំខាន់នេះ ហើយក៏បានសម្តែងនូវសេចក្ដីដឹងគុណ និងការគោរពដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានរួមចំណែកធ្វើឱ្យវេទិកានេះទទួលបាននូវលទ្ធផលជាផ្លែផ្កា៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ