ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមករា ឆ្នាំ២០២១

ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង ០៩:០១ នាទី ព្រឹក

👁 47

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានរកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធី App ព័ត៌មានតាមទូរស័ព្ទចល័តច្រើនជាងគេ សម្រាប់ខែមករា ឆ្នាំ២០២១ គឺបានទៅលើលោក ពេជ្រ វាសនា ដែលជាមន្រ្តីរាជការនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ។ សម្រាប់បេក្ខជនជ័យលាភីប្រចាំខែមករា ឆ្នាំ២០២១ គឺទទួលបានទូរស័ព្ទមួយគ្រឿង ដែលឧបត្ថមដោយក្រុមហ៊ុនខេមហ្វូន (camfone) និងរង្វាន់ជាវត្ថុអនុស្សាវរីយ៍មួយចំនួនទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណបេក្ខជនជ័យលាភី ដែលបានតាមដាន និងគាំទ្រសកម្មភាពនានារបស់ក្រសួងពាណិជ្ជកម្ម តាមរយ:ការចុច Like និងចែករំលែកព័ត៌មានបន្ត នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនច្រើនជាងគេ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម មានផ្ទុកនូវកម្រងសេវាសាធារណៈ និងសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំក្រសួង ដើម្បីផ្តល់ចំណេះដឹងស្តីពីការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា។

ទន្ទឹមគ្នានេះ សាធារណជនក៏អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើការទំនាក់ទំនង ឬសាកសួរព័ត៌មានផ្សេងៗ មកកាន់ក្រសួងពាណិជ្ជកម្ម ហើយមន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រសួង និងផ្នែកពាក់ព័ន្ធ នឹងខិតខំឆ្លើយតបបញ្ហា ឬធ្វើការបកស្រាយចម្ងល់ទាំងឡាយ ទៅតាមលទ្ធភាពជាក់ស្តែង។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ ធ្វើការដោនឡូត (ទាញយក) កម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ទៅប្រើប្រាស់ឱ្យបានកាន់តែច្រើន ដើម្បីមានឱកាសឈ្នះរង្វាន់លើកទឹកចិត្តគ្រប់ៗគ្នា។

សូមជម្រាបថា កម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈរបស់ក្រសួង ដើម្បីជំរុញលំហូរព័ត៌មាន ឱ្យបានទៅដល់ដៃសាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក្រៅពីផ្តល់ព័ត៌មាន កម្មវិធីនេះបានកំពុងដើរតួជាស្ពាន ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មផងដែរ។

ដើម្បីដោនឡូត ឬទាញយកកម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម មកប្រើប្រាស់ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Play Store (Android) ឬ App Store (IOS) រួចស្វែងរកពាក្យ «Ministry of Commerce Cambodia» បន្ទាប់មកចុចលើពាក្យ Install ជាការស្រេច៕

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ