សេចក្តីជូនដំណឹងស្តីពី៖ ការពន្យាពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៥:៣០ នាទី ល្ងាច

👁 37

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម មានកិតិ្តយសសូមជម្រាបជូន លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក មេត្តាជ្រាបថា អនុលោមតាមសេចក្តីជូនដំណឹងលេខ ២១៩៤ ព.ណ.ចបព ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងដល់កាលបរិច្ឆេទកំណត់ការស្នើសុំនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបានសង្កេតឃើញថា សហគ្រាស-ក្រុមហ៊ុនដែលបាននិងកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួន កំពុងរៀបចំឯកសារដើម្បីធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ដូចនេះ ដើម្បីផ្តល់លទ្ធភាពក្នុងការបំពេញកាតព្វកិច្ចក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញា
បណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្មសម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យលើការស្នើសុំនេះ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ជាកំណត់។

ក្រសួងពាណិជ្ជកម្ម មានជំនឿយ៉ាងមុតមាំថា​ ក្នុងអំឡុងពេលនៃការពន្យារពេលនេះ លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសា​​ខាក្រុមហ៊ុនបរទេសដែលបាននិងកំពុងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់នឹងរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត​ ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាមការកំណត់ជាក់ជាមិនខាន។

ចំពោះពាក្យស្នើសុំ បែបបទ លក្ខខណ្ឌ និងឯកសារតម្រូវផ្សេងៗ អាចទាញយកបានតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh ឬគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម www.moc.gov.kh។​

បុគ្គលស្នើសុំអាចដាក់ពាក្យស្នើសុំដោយផ្ទាល់នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh

សម្រាប់ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ឬតាមរយៈលេខទូរស័ព្ទ 096 9 632 363 ឬ 088 6 083 082 ។

សូមអរគុណ!

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ