ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៦:១៨ នាទី ល្ងាច
👁 7
(ហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Yury Ambrazevich អគ្គរដ្ឋទូតបេឡារូសប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងបេឡារូស ជាពិសេសទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅប្រទេសបេឡារូស កាលពីខែមេសា ឆ្នាំ២០១៤ និងទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេសបេឡារូស មកកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៤។ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូត ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស ដើម្បីឈានទៅបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកត់សម្គាល់ពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុបអាស៊ី ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវគោលជំហរកម្ពុជា ក្នុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និងបានស្នើភាគីបេឡារូស ឲ្យជួយពិនិត្យលទ្ធភាពពន្លឿនការសិក្សាអំពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ផងដែរ។
ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត បានកោតសរសើរ និងសាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងភាពជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា ដែលនេះជាកត្តាដ៏អំណោយផលដល់ការបើកឲ្យប្រទេសឡើងវិញបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូត បានស្វាគមន៍ចំពោះជំហររបស់កម្ពុជា និងកត់សម្គាល់ពីសារៈសំខាន់នៃតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ ឯកឧត្តមអគ្គរដ្ឋទូត បានទទួលយកសំណើរបស់គណៈប្រតិភូកម្ពុជា ហើយបានសន្យាថានឹងបញ្ជូនសំណើនេះ ទៅជម្រាបថ្នាក់ដឹកនាំប្រទេសបេឡារូស ដើម្បីធ្វើកិច្ចការ ជាមួយកម្ពុជាបន្តទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣