ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៥:០៣ នាទី ល្ងាច
👁 1
(ហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម Estanislao da Silva ទីប្រឹក្សាជាន់ខ្ពស់ និងជាអតីតរដ្ឋមន្រ្តីកិច្ចការសេដ្ឋកិច្ចនៃប្រទេសទីម័រខាងកើត និងសហការី នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនានានៃពាណិជ្ជកម្មអន្តរជាតិក្នុងតំបន់ និងពិភពលោក។ ក្នុងនោះ ឯកឧត្តម Estanislao da Silva បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ានរបស់ប្រទេសទីម័រខាងកើត ហើយបានស្នើសុំកម្ពុជាផ្តល់ការគាំទ្រក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនអំពីជំហរគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាដល់ប្រទេសទីម័រខាងកើតសម្រាប់ការចូលជាសមាជិកអាស៊ាន និងអង្គការ WTO និងបានជម្រាបជូនអំពីសារៈសំខាន់ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ជាពិសេសក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចែករំលែកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងដំណើរការចរចា និងការធ្វើកំណែទម្រង់ច្បាប់និងស្ថាប័ន ក្នុងការអនុលោមតាមច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ក្រោមក្របខ័ណ្ឌអាស៊ាន និងអង្គការ WTO ។
ជាទីបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣