ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៨:១៤ នាទី យប់
👁 11
(ហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម បណ្ឌិត Almazbek Beishenaliev អគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍សាធារណរដ្ឋកៀហ្ស៊ីស្ថាន (Kyrgyzstan) ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅអង្គការ ពាណិជ្ជកម្មពិភពលោក (WTO)។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងការទូត និងកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីរវាងកម្ពុជា និងសាធារណៈរដ្ឋកៀហ្ស៊ីស្ថាន ជាពិសេសជំនួបរវាង ឯកឧត្តម Sooronbay Jeenbekov អតីតប្រធានាធិបតី នៃសាធារណៈរដ្ឋ កៀហ្ស៊ីស្ថាន កាលពីឆ្នាំ២០១៩ និងគំនិតផ្តួចផ្តើមការសិក្សារួម អំពីការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Eurasian Economic Union-EAEU) ដែលជាទីផ្សារមួយដ៏ធំគ្របដណ្ដប់ប៉ែកខាងអឺរ៉ុបខាងកើត ដោយមានសមាជិកចំនួន ៥ ប្រទេស រួមមាន អាមេនី (Armenia) បេឡារុស (Belarus) កាហ្សាក់ស្ថាន (Kazakhstan) កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) និងរុស្ស៊ី (Russia) ដែលមានប្រជាជនសរុបប្រមាណជាង ២០០លាននាក់។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូត ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស ដើម្បីឈានទៅបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកត់សម្គាល់ពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងរវាងប្រទេសកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងនូវគោលជំហរកម្ពុជា ក្នុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និងបានស្នើភាគីកៀហ្ស៊ីស៊ីស្ថាន ឱ្យជួយពិនិត្យលទ្ធភាពពន្លឿនការសិក្សារួម អំពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ផងដែរ។
ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងភាពជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា ដែលនេះជាកត្តាដ៏អំណោយផលដល់ការបើកដំណើរការប្រទេសឡើងវិញបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានស្វាគមន៍ចំពោះជំហររបស់កម្ពុជា និងកត់សម្គាល់ពីសារៈសំខាន់នៃតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ផងដែរ។ ឯកឧត្តមអគ្គរដ្ឋទូត បានទទួលយកសំណើរបស់គណៈប្រតិភូកម្ពុជា ហើយបានសន្យាថានឹងបញ្ជូនសំណើនេះ ទៅជម្រាបថ្នាក់ដឹកនាំ សាធារណរដ្ឋកៀហ្ស៊ីស្ថាន ដើម្បីពន្លឿនការសិក្សារួម និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជាបន្តទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣