គណៈប្រតិភូកម្ពុជាចូលពិភាក្សាការងារជាមួយកម្មវិធីពង្រឹងក្របខ័ណ្ឌសាមាណហរណកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៥:១៩ នាទី ល្ងាច

👁 8

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបសំណេះសំណាលការងារជាមួយ លោកបណ្ឌិត Rattanakar Adhikari នាយកប្រតិបត្តិនៃលេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខ័ណ្ឌសាមាណហរណកម្ម (Enhanced Integrated Framework) ប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនាពេលកន្លងមកជាមួយនឹងអង្គការ EIF និងបានជម្រាបជូនអង្គការ EIF អំពីសមិទ្ធិផល និងវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCam) និងការអនុវត្តយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការ EIF។ ឯកឧត្តមក៏បានលើកឡើងអំពីការចូលរួមគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្ដូរទៅប្រើប្រាស់សេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការបង្កើតនូវផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺផ្សារខេមបូត្រេដ “Cambodiatrade.com” ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ និងបានស្នើសុំឱ្យលេខាធិការដ្ឋាន (EIF) បន្តពង្រឹងនូវកិច្ចសហការគំាទ្រដល់ការអនុវត្តគម្រោងឱ្យប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន EIF បានបង្ហាញនូវការធ្វើការកោតសរសើរអំពីភាពរីកចំរើនរបស់កម្ពុជា ជាពិសេសសក្តានុពលក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងបានបង្ហាញអំពីការគាំទ្រនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងគម្រោង Go4eCAM និងភាពជាដៃគូដ៏រឹងមាំ។ លោកបណ្ឌិត Ratnakar Adhikari ក៏ជឿជាក់យ៉ាងមុតមាំថា តាមរយៈផ្សារខេមបូត្រេដ សហគ្រាសធុនតូច និងមធ្យមកម្ពុជានឹងមានឱកាសក្នុងការសម្របខ្លួនតាមប្រព័ន្ធបច្ចេកវិទ្យា បង្កើនការប្រកួតប្រជែងសម្រាប់ការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តជាតិ៕

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ