ឯកឧត្តមរដ្ឋលេខាធិការ សុខ សុភ័ក្ត្រ អញ្ជើញពិភាក្សាការងារជាមួយលោកជំទាវ Rebeca Grynspan អគ្គលេខាធិការនៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD)

ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៣:០៣ នាទី រសៀល

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម សុខ សុភ័ក្ត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Rebeca Grynspan អគ្គលេខាធិការនៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD)។ 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះអង្គការ UNCTAD ដែលបានជួយគាំទ្រកម្ពុជាកន្លងមក ជាពិសេសក្នុងដំណើរការនៃការសុំចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីឆ្នាំ២០០៤។ ការគាំទ្ររបស់អង្គការ UNCTAD ក្នុងការងារនេះ បានអនុញ្ញាតឲ្យកម្ពុជាទាញយកផលប្រយោជន៍ជាច្រើនពីប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការក៏បានជម្រាបជូនផងដែរថា ដោយកម្ពុជាកំពុងតែត្រៀមខ្លួនសម្រាប់ចាកចេញពីប្រទេសអភិវ្ឍន៍តិចតួច (LDC) កម្ពុជាចាំបាច់ត្រូវរៀបចំជាយុទ្ធសាស្ត្រ និងគោលនយោបាយសម្រាប់ប្រទេស ដើម្បីធានាបានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោយពីបាត់បង់ភាពអនុគ្រោះនានាដែលកម្ពុជាធ្លាប់ទទួលបានក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច។ ក្នុងន័យនេះ ឯកឧត្តមក៏បានស្នើសុំឲ្យអង្គការ UNCTAD បន្តជួយដល់កម្ពុជាក្នុងការសិក្សាដើម្បីរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់កម្ពុជា ស្ដីពីការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច រួមមានការប្រែក្លាយរចនាសម្ព័ន្ធសេដ្ឋកិច្ច (Structural Transformation) ការពង្រឹងភាពប្រកួតប្រជែង ពិពិធកម្មទំនិញនាំចេញ និងទីផ្សារនាំចេញ កសាងសមត្ថភាពរបស់សហគ្រាសកម្ពុជា ការប្រែក្លាយឌីជីថល ។ល។ ឯកឧត្តមក៏បានស្នើសុំអង្គការ UNCTAD បន្តជួយគាំទ្រការចរចានានានៅអង្គការពាណិជ្ជកម្មពិភពលោក និងជ្រោមជ្រែងកម្ពុជាជាប្រទេសគំរូមួយសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់។

ជាកិច្ចឆ្លើយតប លោកជំទាវអគ្គលេខាធិការ បានថ្លែងការកោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់កម្ពុជា ហើយអង្គការ UNCTAD ពិតជាមានមោទនភាពដែលបានចូលរួមវិភាគទានដល់ការអភិវឌ្ឍន៍នេះ។ លោកជំទាវបានទទួលយកសំណើររបស់កម្ពុជា ព្រមទាំងសន្យាថានឹងប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការល្អរវាងអង្គការ UNCTAD និងកម្ពុជាបន្តទៀត។ 

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ