ឯកឧត្ដម ប៉ាន សូរស័ក្តិ៖ មន្ត្រីពាណិជ្ជកម្មត្រូវខិតខំពង្រឹងសមត្ថភាពខ្លួន និងបដិបត្តិតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ

ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង ១០:២៩ នាទី ព្រឹក

👁 35

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(កំពង់ឆ្នាំង)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានណែនាំក្រើនរំលឹកដល់មន្ត្រីរាជការបម្រើការងារនៅមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប)ខេត្តកំពង់ឆ្នាំងឱ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន និងបដិបត្តិតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ដើម្បីប្រសិទ្ធភាព និងគុណភាពការងារជូនប្រទេសជាតិ និងប្រជាជន។

ការណែនាំ និងក្រើនរំលឹករបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការបម្រើការងារនៅមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប)ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។

ក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព និងជាពិសេសរួមសហការគ្នាចុះផ្សារត្រួតពិនិត្យ សុវត្តិភាព ផលិតផល ទំនិញ គ្រឿងឧបភោគ បរិភោគ ឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ឱ្យដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់គោលការណ៍ លិខិតបទដ្ឋានច្បាប់ និងកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់ក្រសួងពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មន្រ្តីទាំងអស់ត្រូវពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន លើសពីនេះត្រូវជំរុញយន្តការដោះស្រាយរាល់បញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្មីនេះក្រសួងបានបង្កើតក្រុមប្រឹក្សាពិន័យ សំដៅទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បង្កានូវបាតុភាពអសកម្ម មិនគោរពវិន័យ ពុករលួយ រំលោភច្បាប់ និងបទបញ្ជាផ្ទៃក្នុង។ ជាពិសេស ពេលចុះអនុវត្តន៍ការងារ និងនៅក្នុងជីវភាពប្រចាំថ្ងៃ ក្នុងស្ថានភាពថ្មីនៃជំងឺកូវីដ-១៩  នាពេលនេះ  ស្នើឯកឧត្តម លោកជំទាវ លោក លោកស្រី ត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផល និងស្នាដៃជាច្រើនដែលមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកំពង់ឆ្នាំង សម្រេចបានកន្លងមកគួរជាទីមោទនៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំងផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ