ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៦:៣១ នាទី ល្ងាច

👁 9

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅកន្លែងតម្កល់ព្រះសព ស្ថិតនៅដំណាក់ព្រះអង្គវិថីសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គួររំលឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​បានយាងចូល​ព្រះ​ទិវង្គត​នៅ​ប្រទេស​បារាំង​នា​ថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុង​ព្រះ​ជន្មាយុ ៧៧ ព្រះវស្សា ដោយ​ព្រះ​រោគាពាធ ហើយព្រះសពព្រះអង្គ ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​១៩៤៤ នៅ​ក្រុងភ្នំពេញ​។ ទ្រង់​ជា​បុត្រា​ច្បង​របស់​ព្រះបាទ នរោត្តម សីហនុ និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល​ ដែលជានាថការីក្នុងព្រះបរមរាជវាំង។ សម្តេចក្រុមព្រះ មានព្រះរាជបុត្រា ព្រះរាជបុត្រី ៥ព្រះអង្គរួមមាន៖ អ្នកអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ, អ្នកអង្គម្ចាស់ នរោត្តម សីហឫទ្ធ, អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី, អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងអ្នកអង្គម្ចាស់ នរោត្តម រណវង្ស។

សម្តេចក្រុមព្រះ ទ្រង់បានយាងបំពេញព្រះរាជតួនាទីជានាយករដ្ឋមន្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ