ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៤:១៨ នាទី រសៀល
👁 10
(ភ្នំពេញ) កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម និងធនាគារ ABA បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើភាពជាដៃគូប្រព័ន្ធទូទាត់ឌីជីថល និងការចែករំលែកចំណេះដឹង។ នៅក្រោមអនុស្សរណៈនេះ ផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម នឹងត្រូវតភ្ជាប់ជាមួយប្រព័ន្ធផេវេ (PayWay) ដែលជាកម្មវិធីទូទាត់អនឡាញរបស់ធនាគារ ABA ដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីអាចនាំយកអាជីវកម្មរបស់ពួកគេទៅកាន់ផ្សារអនឡាញបាន និងទទួលការទូទាត់យ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាពដោយមិនប្រើប្រាស់សាច់ប្រាក់នោះទេ។ អនុស្សរណៈនេះ ក៏គូសបញ្ជាក់ផងដែរអំពីកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកចំណេះដឹង និងការបណ្ដុះបណ្ដាលសម្រាប់ SMEs ដែលបានចុះឈ្មោះជាមួយផ្សារខេមបូឌាត្រេដ។
អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាកាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពរបស់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ "ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ជាពិសេស ធនាគារ ABA ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការដាក់លក់ផលិតផលសម្រាប់អតិថិជន និងដៃគូអាជីវកម្មជាមួយប្រព័ន្ធទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានទំនុកចិត្តខ្ពស់"។
ជាមួយគ្នានោះ លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា៖ “ភាពជាដៃគូនេះ អនុញ្ញាតឲ្យយើងផ្ដល់ជូនសហគ្រាសធុនតូច និងមធ្យមនូវឱកាសធ្វើឌីជីថលូបនីយកម្ម និងទំនាក់ទំនងអតិថិជនរបស់ពួកគេនៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាមួយការទទួលការទូទាត់ពីអតិថិជនបានយ៉ាងងាយស្រួល និងសុវត្ថិភាពតាមរយៈ ABA PAY។ ធនាគារ ABA នឹងសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកចំណេះដឹងហិរញ្ញវត្ថុឌីជីថលដល់អាជីវកររបស់ផ្សារខេមបូឌាត្រេដ តាមរយៈការបណ្ដុះបណ្ដាល និងសកម្មភាពកសាងសមត្ថភាពនានា។ យើងជឿជាក់ថា ការតភ្ជាប់ប្រព័ន្ធទាំងពីរនេះ នឹងជួយដល់សហគ្រិនក្នុងស្រុក ក្នុងការពង្រីកការលក់ និងប្រាក់ចំណូលរបស់ខ្លួនតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈដែលសកម្មភាពនេះ នឹងជំរុញដល់បរិយាប័ន្នហិរញ្ញវត្ថុ និងវឌ្ឍនភាពឌីជីថលបន្ថែមទៀតរបស់ប្រទេស"៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣